(តាកែវ)៖ នគរបាលខេត្តតាកែវនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានកោះហៅបុរសម្នាក់ ជាជាងជួសជុលទូរសព្ទ មកអបរំណែនាំបន្ទាប់ពីរូបគេបានបង្ហោះព័ត៌មានមិនពិតតាមបណ្ដាញសង្គម Facebook ថា នៅទីរួមខេត្តតាកែវ មានចាប់ក្មេងវះយកក្រលៀន។
លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងទទួលបន្ទុកសេនាធិការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគបាលខេត្តតាកែវ បានថ្លែងប្រាប់ Fresh News ថា ក្រោយមានការបង្ហោះតាមបណ្តាញសង្គមរបស់ឈ្មោះ Keto Touch ថា មានករណីចាប់ក្មេងវះយកក្រលៀន សមត្ថកិច្ចបានធ្វើការស្រាវជ្រាវភ្លាមៗ ប៉ុន្តែសមត្ថកិច្ចមិនបានស្វែងរកឃើញថាមានករណីចាប់ក្មេងយកក្រលៀនដូចការបង្ហោះនោះទេ។
លោកឧត្តមសេនីយ៍ សៅ សារុន បានបញ្ជាក់ថា ក្រោយស្រាវជ្រាវរបស់សមត្ថកិច្ច និងបានរកឃើញថា ការបង្ហោះនេះជាព័ត៌មានមិនពិត សមត្ថកិច្ចក៏បានកោះហៅជននេះមកសួរនាំ និងបានឆ្លើយសារភាពថា ការបង្ហោះនេះ គឺលឺគេនិយាយតៗគ្នាប៉ុណ្ណោះ ហើយក៏បានសុំទោស និងសារភាពកំហុស ដោយបានសន្យាថា នឹងមិនបង្ហោះព័ត៌មិនពិតបែបនេះតទៅទៀតនោះទេ។
បុរសរូបនេះ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋកុំឲ្យមានការយលច្រឡំចំពោះអ្វីដែលរូបគេបានផុសកន្លងមក គឺជាព័ត៌មានមិនពិត។ បើតាមលោកស្នងការរង, ក្រោយអប់រំណែនាំរួច សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕