(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ នេះបើតាមសេចក្ដីជូនព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។
បើតាមសេចក្ដីជូនព័ត៌មាន, រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋ។
ដើម្បីឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ អនុក្រឹត្យលេខ៤៧ អនក្រ.បក ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ស្តីពីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងប្រកាសលេខ៤២២១ ប្រក ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំចុះបញ្ជី ការផ្តល់ ការកែតម្រូវទិន្នន័យ ការលុបបញ្ជី ការធ្វើមោឃភាព និងការដកហូតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងបណ្ដឹងមិនសុខចិត្ត បានសម្រេចបន្ថែមចំណុចសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
* អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានទម្រង់ជាសន្លឹកប្លាស្ទិក និង/ឬជាទម្រង់អេឡិចត្រូនិក ដែលអាច ធ្វើអន្តរកម្មជាមួយប្រព័ន្ធផ្សេងទៀត សម្រាប់សេវាកម្មឌីជីថល
* អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវផ្តល់ជូនបុគ្គលមានសញ្ជាតិខ្មែរគ្រប់រូប ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើង (រួមទាំងព្រះសង្ឃ បព្វជិតសាសនា ជនជាប់ឃុំ ឬជនវិបល្លាសស្មារតី។ល។)
* អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានសុពលភាពរយៈពេល ១០ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផ្តល់ ចំពោះបុគ្គលដែលមានអាយុចាប់ពី ១៥ឆ្នាំ រហូតដល់ក្រោម ៦០ឆ្នាំ និងមានសុពលភាព «អចិន្ត្រៃយ៍» គិតចាប់ពីកាលបរិច្ឆេទផ្តល់ ចំពោះបុគ្គលដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមបញ្ជាក់ជូនថា ប្រជាពលរដ្ឋខ្មែរអាចប្រើប្រាស់អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរក្នុងគោលបំណងផ្សេងៗ ដូចជា ការចុះឈ្មោះចូលរៀន ការបំពេញបែបបទចូលបម្រើការងារ ការ ចុះបញ្ជីអចលនវត្ថុ ការចុះបញ្ជីយានយន្ត ការបើកគណនីធនាគារ ការចុះបញ្ជីពាណិជ្ជកម្ម ការចុះកិច្ចសន្យា ឬការប្រើប្រាស់សេវារដ្ឋបាលផ្សេងទៀត លើកលែងតែមានប្បញ្ញត្តិដោយឡែក។
ប្រជាពលរដ្ឋខ្មែរ ដែលកាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬសុពលភាពនៅតិចជាង១៨០ថ្ងៃ សូមរួសរាន់ដាក់ពាក្យស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថ្មី (ទុតិយតា) ដោយត្រូវបំពេញ បែបបទ និងភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមួយចំនួនទៅមន្ត្រីមានសមត្ថកិច្ច៕