(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកជំនាញបង្កើតកម្មវិធីអក្ខរាវិរុទ្ធខ្មែរ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានរួមគ្នា បើកសិក្ខាសាលាស្តីពី «បទពិសោធនៃការរៀបចំសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ» ដើម្បីចែករំលែកបទពិសោធពីការរៀបចំសុសវែរភាសាខ្មែរទាំងបញ្ហាប្រឈម ភាពជោគជ័យ ស្វែងរកដំណោះស្រាយនានា និងរក្សាអត្តសញ្ញាណជាតិ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ, លោក ដាញ់ ហុង អ្នកបង្កើតកម្មវិធីអក្ខរាវិរុទ្ធខ្មែរនៃសមាគមអ្នកនិពន្ធខ្មែរ, លោក កែ ជាប៉ូ ប្រធានផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន ខូតាហ្វឺ ឯ.ក, លោកបណ្ឌិត ប៊ួយ រីណា អ្នកស្រាវជ្រាវបញ្ញាសិប្បនិម្មិតនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ និងលោក សុខ មករា អ្នកជំនាញមកពីអង្គការភាសាវិទ្យាកម្ពុជា។

នាឱកាសនេះដែរ ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានលើកឡើងភាសាជាតិនៅមានបញ្ហាជាច្រើនដែលមិនទាន់ដោះស្រាយបានពេញលេញនៅឡើយ ក្នុងនោះ អក្ខរាវិរុទ្ធ គឺជាបញ្ហាមួយដែលត្រូវដោះស្រាយជាបន្ទាន់។ ជាពិសេសនៅក្នុងសម័យសាកលភាវូបនីយកម្ម ការអភរិក្ស និងការអភិវឌ្ឍភាសាជាតិមានសារៈសំខាន់ដើម្បីរក្សាអត្តសញ្ញាណជាតិ។

លោកបណ្ឌិត ហ៊ាន សុខុម បានសង្កត់ធ្ងន់ថា៖ «ភាសាជាតិយើងនៅមានបញ្ហាជាច្រើនដែលមិនទាន់ដោះស្រាយពេញលេញរួចនៅឡើយ ហើយក្នុងនោះ អក្ខរាវិរុទ្ធ គឺជាបញ្ហាមួយដែលត្រូវដោះស្រាយជាបន្ទាន់ផងដែរ។ កន្លងមក យើងឃើញថា មានអ្នកស្រាវជ្រាវជាតិយើងមួយចំនួនបានសាកល្បងដោះស្រាយបញ្ហានេះ ដោយបានរៀបចំបង្កើតសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរដែលជាសុខូបករណ៍មួយ ផ្តល់ភាពងាយស្រួលដល់សិស្ស និស្សិត មន្ត្រីរាជការ អ្នកប្រើប្រាស់ទូទៅ ក្នុងការស្វែងរកពាក្យ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវក្នុងការសរសេរពាក្យខ្មែរនីមួយៗ»

ទន្ទឹនឹងនេះដែរ លោកបណ្ឌិត ហ៊ាន សុខុម បានលើកឡើងពីគុណប្រយោជន៍ចំនួន៤ នៃសុខូបករណ៍ មានដូចជាទី១៖ ការកែលម្អទំនាក់ទំនងជាមួយអ្នកដទៃដោយហេតុថា អក្ខរាវិរុទ្ធត្រឹមត្រូវធ្វើឱ្យភាសាមានភាពច្បាស់លាស់ និងវិជ្ជាជីវៈចៀសវាងការភាន់ច្រឡំ, ទី២៖ សន្សំសំចៃពេលវេលា មិនចាំបាច់ផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធដោយភ្នែកច្រើនដង, ទី៣៖ ជាជំនួយក្នុងការរៀនភាសា ដោយសុសវែរនេះបានបង្ហាញពាក្យដែលសរសេរខុស និងស្នើពាក្យដែលត្រូវជំនួសវិញ និងទី៤៖ ជួយកាត់បន្ថយកំហុសដោយអចេតនាក្នុងការសរសេរខុសអក្ខរាវិរុទ្ធពេលប្រញាប់ប្រញាល់។

ជុំវិញបញ្ហាខ្វះខាតទាំងនេះ បើទោះបីមានការខិតខំពីអ្នកជំនាញផ្នែកអក្សរសាស្ត្រក៏ដោយ ក៏ត្រូវបានលោកបណ្ឌិត ហ៊ាន សុខុម គូសបញ្ជាក់ថា ចំណុចនេះនៅតែមានឧបសគ្គ និងបញ្ហាប្រឈមមួយចំនួនកើតឡើង។ ហេតុនេះ ទើបបង្កើតឱ្យមានសិក្ខាសាលានេះឡើងមក ដើម្បីជាការពិភាក្សាចូលរួមមតិ ដើម្បីរកធាតុចូលក្នុងការឈានទៅដល់ការផលិតសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរមានភាពងាយស្រួល និងល្អប្រសើរសម្រាប់ប្រើប្រាស់ពេលខាងមុខ។

ឆ្លើយតបនឹងសិក្ខាសាលាដ៏មានតម្លៃនេះលោក ដាញ់ ហុង អ្នកបង្កើតកម្មវិធីអក្ខរាវិរុទ្ធខ្មែរនៃសមាគមអ្នកនិពន្ធខ្មែរ ក៏បានធ្វើបទបង្ហាញលើប្រធានបទ NextSpell : A Machine Learning Model for Khmer Spellchecking ដោយលើកឡើងថា អក្សរខ្មែរមានការប្រកបពិសេស មានក្បួនវប្រកបតាមបែបខ្មែរ ទទួលឥទ្ធិពលភាសាបាលីសំស្ក្រឹត ហើយទទួលឥទ្ធិលភាសាធំៗដូចជា បារាំង អង់គ្លេស ចិន ជាដើម។ល។ ដូច្នេះ បានធ្វើឱ្យការសរសេរអក្សរខ្មែរងាយនឹងខុស។ បន្ថែមពីនេះ វាគ្មិនជំនាញក៏បានឡើងធ្វើធ្វើបទបង្ហាញពីបញ្ហាពាក់ព័ន្ធនឹងការរៀបចំកម្មវិធីពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ ជាដើម។

គួរឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា ក៏ធ្លាប់បានចេញសារាចរណែនាំដល់គ្រប់អង្គភាពទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សាសាធារណៈនិង ឯកជន សិស្សានុសិស្ស យុវជន និងអ្នកពាក់ព័ន្ធ រួមគ្នាលើកកម្ពស់ការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរឱ្យបានត្រឹមត្រូវនៅលើបណ្តាញផ្សព្វផ្សាយ បណ្តាញទំនាក់ទំនងសង្គម និងនៅតាមទីសាធារណៈក្នុងគោលបំណង​បណ្តុះស្មារតីស្រឡាញ់ និងថែរក្សាអក្សរ និងភាសាជាតិឱ្យបានគង់វង្ស និងរីកចម្រើនថែមទៀតនោះ។

ក្រសួងបានឱ្យដឹងដែរថា សិស្សានុសិស្ស យុវជន និងពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ភាសាខ្មែរ ទាំងការនិយាយ ទាំងការសរសេរ ឱ្យបានត្រឹមត្រូវតាមក្បួនវេយ្យាករណ៍ និងអក្ខរាវិរុទ្ធភាសាខ្មែរ ក្នុងគ្រប់ស្ថានភាព ទោះក្នុងបណ្តាញទំនាក់ទំនងសង្គម ឬទំនាក់ទំនងផ្ទាល់ ការផ្សព្វផ្សាយ ឬការចែករំលែកព័ត៌មាន និងការកម្សាន្តណាមួយក្តី។

ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន មហាជន និងអ្នកពាក់ព័ន្ធទាំងអស់ មេត្តាជួយណែនាំ ត្រួតពិនិត្យ និងកែសម្រួលលើការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ ដែលបានប្រើប្រាស់ដាក់តាំង និងផ្សព្វផ្សាយគ្រប់ទម្រង់ នៅតាមទីសាធារណៈ ឬតាមបណ្តាញទំនាក់ទំនងសង្គមនានា៕