Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារមូលនិធិរបស់លោកស្រី បាន ស្រីមុំ ឧបត្ថម្ភប្រចាំខែវិច្ឆិកា ដល់ចាស់ជរាគ្មានទីពឹង ក្នុងខេត្តប៉ៃលិនចំនួន១៦០នាក់

03-11-2016 12:00

(ប៉ៃលិន)៖ ក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្រ្គោះបន្ទាន់ លោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន បានជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ប្រាក់ឧបត្ថម្ភ ប្រចាំខែវិច្ឆិកា ដល់លោកយាយ លោកតាចាស់ជរា គ្មានទីពឹង និងមានជីវភាពខ្វះខាត ចំនួន១៦០នាក់ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

ក្នុងឱកាសនោះ ក្រុមការងារបាននាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធាន គណបក្ស ប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ជូនចំពោះលោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ទាំងអស់ដោយបានបញ្ជាក់ថា សម្តេចជានិច្ចកាល បានគិតគូនិងយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋទាំងអស់ គ្រប់ពេលវេលា។

សូមបញ្ជាក់ថា មូលនិធិគាំទ្រសុខភាព និងសង្រ្គោះបន្ទាន់នេះ បានដំណើរការ អស់រយៈពេល៥ឆ្នាំមកហើយ តាំងពីឆ្នាំ២០១១ មកដល់បច្ចុប្បន្ន ក្រោមការឧបត្ថម្ភថវិកាផ្ទាល់របស់លោក អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលចុះជួយ ខេត្តប៉ៃលិន និងលោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន។

ជារៀងរាល់ខែ ក្នុងថ្ងៃទី៣ នៃខែនីមួយៗ លោក និងលោកស្រី បានផ្តល់ប្រាក់ឧបត្ថម្ភដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹងក្នុងខេត្ត ជាប់ជាប្រចាំខែ ដោយក្នុងម្នាក់ៗទទួលបានថវិកា ១០០,០០០រៀល (មួយសែនរៀលគត់)  ដោយមិនប្រកាន់និន្នាការនយោបាយសាសនា ឡើយហើយ ចំពោះលោកយាយ លោកតា ដែលមានទីលំនៅឆ្ងាយពិបាកធ្វើដំណើរ ត្រូវបានក្រុមការងារនាំយកថវិកាទៅប្រគល់ជូន ដល់គេហដ្ឋានផ្ទាល់ផងដែរ៕