(ភ្នំពេញ)៖ ក្រោយប្រកាសរកជាច្រើនម៉ោងនៅតាមបណ្តាញសង្គម​ហ្វេស​ប៊ុក នៅពេលនេះសម្តេចតេជោ ហ៊ុន សែន បានរកឃើញ​ហើយកុមារីលក់ផ្កា ហើយទទួលការចាប់អារម្មណ៍តាមបណ្តាញ​សង្គមនោះ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅលើបណ្តាញសង្គមហ្វេស​ប៊ុកថា សម្តេចនឹងជួបឪពុកម្តាយរបស់កុមារីរូបនេះនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ នៅផ្ទះរបស់សម្តេចតែម្តង។

កុមារីរូបនេះ មានឈ្មោះ ស៊ុន ស្រីតីអាយុ ៤ឆ្នាំ។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចនឹងពិភាក្សាអំពីការរៀបចំគ្រួសារកុមារីរូប។

ជាមួយការប្រកាសដំណឹងរូបឃើញកុមារីខាងលើហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏ឆ្លៀតតបទៅនឹងអ្នកចូលបញ្ចេញមតិយោ​បល់ពាក់ព័ន្ធសិទ្ធិកុមារផងដែរ។

សម្តេចតេជោ បានអង្វរអ្នកបញ្ចេញមតិនោះ កុំឱ្យទៅលឿនហួសពី​សិទ្ធិរស់រានមានជិវិតដែលផ្តើមចេញពីក្រពះ និងសូមកុំប្រញ៉ាប់
វិនិច្ឆ័យ​មុនពេលដឹងរឿងពិត ដែលជាការវាយប្រហារលើឪពុក
ម្តាយចៅស្រីដ៏កម្សត់នេះថែមទៀត។

សម្តេចតេជោ បានរំលឹកថា កាលសម្តេចមានអាយុ ៥ ឬ៦ឆ្នាំ សម្តេច​ក៏ធ្លាប់ចុះទឹករកខ្យង ចាប់ត្រី ចាប់ក្តាមឱ្យម៉ែស្លទទួលទាន ដែលនោះ
ជាការលំបាកជាងកុមារីលក់ផ្កានេះទៅទៀត។

សម្តេចតេជោ បានគូសបញ្ជាក់ដោយរំលឹករឿងកុមារភាព​របស់ខ្លួនបែបនេះ «រឿងបែបនេះមិនអាចនិយាយថាពលកម្មកុមារ សិទ្ធកុមារ​ដោយ​បំភ្លេចចោលសិទ្ធិមានចំណីអាហារបានទេ ព្រោះគ្មាន​ជម្រើស​ព្រោះ​ពុក និងបងៗ មិននៅផ្ទះ ម៉ែខ្លាចឈ្លើងមិនហ៊ានចុះទឹក ចំណែក​ប្អូន​ស្រីៗនៅតូចៗមិនចេះហែលទឹកតម្រូវឱ្យខ្ញុំត្រូវធ្វើដើម្បីក្រពះទាំង ម្តាយ និងកូន៤នាក់។ សិទ្ធរស់រានមានជិវិត ត្រូវតែមានមុនគេ បើ​ស្លាប់​ទៅហើយសូមកុំនិយាយពីសិទ្ធិផ្សេងទៀតធ្វើអ្វី»៕