(មូស្កាត-អូម៉ង់)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញថ្លែងសុន្ទរកថា ស្វាគមន៍គណៈប្រតិភូក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី ៤៨ ក្រោមប្រធានបទ «ការអភិវឌ្ឍសួនសេដ្ឋកិច្ច និងផលជះ» (ECONOMIC GARDENING AND DEVELOPMENT IMPACT) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣-២៥ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ MANDARIN ORIENTAL ទីក្រុងមូស្កាត ប្រទេសអូម៉ង់។
លោកបានរំលេចថា «គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍មានតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រការអភិវឌ្ឍសួនសេដ្ឋកិច្ច តាមរយៈការវិនិយោគលើអាជីវកម្មក្នុងស្រុក, ការកសាងប្រព័ន្ឋអេកូឡូស៊ីសម្រាប់សហគ្រិន, ការជំរុញការផ្តល់ហិរញ្ញប្បទាន ដែលផ្តោតលើគោលដៅអភិវឌ្ឍន៍ជាក់លាក់, និងការដើរតួជាស្ពានតភ្ជាប់គម្លាតហិរញ្ញប្បទាន ជាពិសេសហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានប្រកបដោយចីរភាព»៕