(ភ្នំពេញ)៖ មន្ត្រីសាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ តាមផ្ទះ ម៉ាត សាលាបឋមសិក្សាច្បារអំពៅ វិទ្យាល័យច្បារអំពៅ ផ្សារច្បារអំពៅ និងផ្សារព្រែកឯង ក្នុង ខណ្ឌច្បារអំពៅ ។
មន្រ្តីសាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ការចុះត្រួតពិនិត្យទំនិញខាងលើនេះ គឺពិនិត្យ ទៅលើផលិតផលវេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ ដែលបាននឹងកំពុងដាក់តាំងលក់នៅតាមបណ្តាផ្ទះ ក្នងមីនីម៉ាត អាជីវករលក់នំចំណីសាលាបឋមសិក្សាច្បារអំពៅ វិទ្យាល័យច្បារអំពៅ ផ្សារព្រែកឯង ស្ថិតក្នុងសង្កាត់ ច្បារអំពៅ ដោយបានធ្វើតេស្តបឋម (Test Kit) ទៅលើម្ហូបអាហារមួយចំនួន រួមមាន សសៃគុយទាវ សណ្តែកបណ្តុះ សរសៃមីលឿង ស្ពៃជ្រក់ បង្គារ មឹក ជាដើមតែ លទ្ធផលនៃការធ្វើតេស្តបឋម គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ដូចជា Borax, Salicylic Acid និងម្សៅស Sodium Hydrosulfite ឡើយ ជាមួយគ្នានោះ មន្ត្រីសាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ បានរុករក ទឹកត្រី ដែលនាំចូលពីប្រទេសវៀតណាម មានជាតិ ARSENIC មានកម្រិតខ្ពស់ តែជាលទ្ធផលពុំបានរកឃើញនោះទេ។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏ បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលប៉ះពាល់ដល់សុខភាព ដែលបណ្តាលមកពីបរិភោគអាហារ ហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ ។
មន្ត្រីសាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ក្នុងការចុះមកត្រួតទំនិញ នៅតាមផ្សារនិងតាមផ្ទះនេះ ក៏មាន ការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផងដែរ ដោយពួកគាត់យល់ដឹងច្បាស់ពី សុវត្ថិភាពម្ហូបអាហារ។
ទន្ទឹមនឹងនេះ ក្រុមការងារបានធ្វើការណែនាំ ដល់អាជីវករឲ្យជៀសវៀង ក្នុងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំ អាជីវករឲ្យយល់ដឹងពីអនាម័យ និងការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាសផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ជៀសវៀងនូវការដាក់តាំងលក់ទំនិញហួស កាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រែះស៊ីស និងទំនិញដែលមានសារធាតុគីមីហាមឃាត់ ។
មន្រ្តីកាំកុងត្រូល ក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរនិង ចែកចាយ តែទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើ ប្រាស់៕