(ស្វាយរៀង)៖ លោក សាក់ សូធី និងលោកស្រី កុយ សាវី បានបរិច្ចាគដីផ្ទាល់ខ្លួនចំនួន៣កន្លែង ប្រគល់ជូនសាលាសង្កាត់ច្រកម្ទេស និងវត្តសុវណ្ណារាម ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីធ្វើជាកន្លែងផ្តល់ សេវាសាធារណៈនៅក្នុងមូលដ្ឋាន និងចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។

សប្បុរសជនផ្តល់ដី៣កន្លែង ជូនសាលា សង្កាត់ច្រកម្ទេស ក្រុងបាវិត និងវត្តសុវណ្ណារាម ស្នាក់ការគណបក្សប្រជាជនដើម្បីជួយលើវិស័យព្រះពុទ្ធសាសនា និងពង្រីកសេវាសាធារណៈបន្ថែមក្នុងមូលដ្ឋាន។

លោក សាក់ សូធី បានថ្លែងថា «គោលបំណងនៃការផ្តល់ដីជូនទៅភាគីទាំងពីរខាងលើនេះ គឺដើម្បីឱ្យសាលាសង្កាត់បានពង្រីកផ្ទៃដីបន្ថែម ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងឃុំ និងម្យ៉ាងទៀតក៏ជាការរួមចំណែក ក្នុងវិស័យព្រះពុទ្ធសាសនាផងដែរ»

លោក សាក់ សូធី បានឱ្យដឹងថា ដោយមើលឃើញពីភាពតូចចង្អៀតរបស់សាលាសង្កាត់ច្រកម្ទេស ទើបលោកនិងភរិយា បានសម្រេចចិត្តផ្តល់ដី ទំហំ ៤០ម៉ែត្រ គុណនឹង ៥០ម៉ែត្រ ទៅដល់សាលាសង្កាត់ ដើម្បីចូលរួមជាមួយអាជ្ញាធរ ក្នុងការផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋ។

ក្នុងនោះលោក ហួត សាម៉ៃ ចៅសង្កាត់ច្រកម្ទេស បានសម្តែងការត្រេកអរដល់លោក សាក់ សូធី និងភរិយា ដែលមានទឹកចិត្តបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាផ្តល់មកសាលាសង្កាត់ ដើម្បីសាងសង់អគារថ្មី សម្រាប់ផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា នេះគឺជាលើកទី១ហើយ ដែលប្រជាពលរដ្ឋបានចូលរួមចំណែកក្នុងការបំពេញបន្ថែមទៅលើភាពខ្វះខាត នៃការប្រើប្រាស់សេវាសាធារណៈទូទៅរបស់សាធារណជននៅក្នុងមូលដ្ឋាន ។តាមរយៈសកម្មភាពមួយនេះ វាបានឆ្លុះបញ្ជាំងឱ្យឃើញនូវគំរូមួយរបស់ប្រជាពលរដ្ឋ ដែលហានចំណាយទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការរួមចំណែកលើកស្ទួយព្រះពុទ្ធសាសនា និងបានធ្វើឱ្យកាន់តែប្រសើរឡើងនូវការប្រើប្រាស់សេវាសាធារណជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននាពេលសព្វថ្ងៃនេះផងដែរ៕