(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យគណបក្សកម្លាំងជាតិ រៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១៣៩ ទិវាពលកម្មអន្តរជាតិនៅទីលានប្រជាធិបតេយ្យឡើយ តែឲ្យធ្វើនៅទីស្នាក់ការបក្ស ឬកន្លែងឯកជនណាមួយវិញ។ នេះបើតាមលិខិតដែលបណ្ដាញ Fresh News ទទួលបាន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។
បើតាមខ្លឹមសារលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា «អនុលោម តាមមាត្រា ៥ នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីបានបញ្ញត្តថា «ក្រុមបុគ្គលណា ដែលមានបំណង រៀបចំធ្វើបាតុកម្មដោយសន្តិវិធី នៅទីកន្លែងសាធារណៈណាមួយ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ អាជ្ញាធរដែនដីរាជធានី ឬខេត្តមានសមត្ថកិច្ចគ្រប់គ្រងទីកន្លែងនោះ។ លើសពីនេះទៀតចំពោះទីលាន ប្រជាធិបតេយ្យជាទីតាំងសម្រាប់ ធ្វើបាតុកម្មដោយសន្តិវិធី ឬបញ្ចេញមតិជាសាធារណៈ...មិនមែនជាទីតាំង សម្រាប់ប្រារព្ធពិធីនានាឡើយ»។
ដូចនេះ ដើម្បីឱ្យស្របតាមនីតិវិធីច្បាប់ រដ្ឋបាលរាជធានីភ្នំពេញស្នើឱ្យ លោកប្រធានគណបក្ស ប្រារព្ធទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្ស ឬទីតាំងឯកជនណាមួយ ដែលម្ចាស់ទីតាំងបានយល់ព្រម។
សូមជម្រាបថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ គណបក្សកម្លាំងជាតិ បានធ្វើលិខិតស្នើសុំរៀបចំប្រារព្ធពិធីអបអរសាទរខួបទី១៣៩ ទិវាពលកម្មអន្តរជាតិ នៅទីលានប្រជាធិបតេយ្យ ដែលនឹងមានសមាជិកចូលរួមប្រមាណ ៣៦០នាក់ ក្រោមប្រធានបទ «លើកកម្ពស់លក្ខខណ្ឌការងារកម្មករ»៕