(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅថ្ងៃពុធ ទី២៣ ខែ មេសា ឆ្នាំ២០២៥ បានដឹកនាំមន្រ្តីក្រោមឱវាទចុះជួបសំណេះសំណាលបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង ស្ថិតនៅឃុំស្រែរនោង ស្រុកត្រាំកក់។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ បានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ឱ្យប្រឹងប្រឹងប្រែងបន្តភ្ញាស់ពងទាកូនឱ្យបានច្រើន តម្រូវទៅតាមទីផ្សារក្នុងស្រុក ដោយរក្សាទម្លាប់ភ្ញាស់ ដោយធម្មជាតិឱ្យបានច្រើន។

បើតាមលោក វ៉ី សំណាង ក្រៅពីបង្កងតាកែវ ពងទាកូនស្រែរនោងរបស់ខេត្តតាកែវ មានបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសស្គាល់ច្រើនព្រោះមានរសជាតិឆ្ងាញ់ និងជារបស់ធម្មជាតិពិតៗ ដូច្នោះសូមបងប្អូន ប្រជាពលរដ្ឋក្នុងសហគមន៍បន្តភ្ញាស់ឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់លើទីផ្សារ ហើយវាក៏បានជួយលើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ឱ្យកាន់តែមានជីវភាពល្អប្រសើរផងដែរ។

បើយោងតាមលោក លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ បានឱ្យដឹងថា នៅសហគមន៍ភ្ញាស់ពងទា ស្រែរនោង មានចំនួន ២២ទីតាំង ក្នុងនោះភ្ញាស់ដោយអង្កាម មានចំនួន ៣ទីតាំង ភ្ញាស់ពាក់កណ្ដាលស្វ័យប្រវត្តិមានចំនួន ៧ទីតាំង និងភ្ញាស់ដោយខ្សែភ្លើងមានចំនួន ១២ទីតាំង ដោយធ្វើការផលិតពងទាកូន និងពងទាសាប សម្រាប់ទៅផ្គត់ផ្គង់លើទីផ្សារ មានចន្លោះចាប់ពី ២០ម៉ឺនគ្រាប់ ទៅ ២៥ម៉ឺនគ្រាប់ក្នុងមួយថ្ងៃ។

លោកអភិបាលស្រុក បានបន្ថែមថា នៅក្នុងនោះសហគមន៍ ក៏មានហ្វូងទា ចំនួនជាង ៤៥ម៉ឺនក្បាល ដែលសម្រាប់ផ្គត់ផ្គង់ពង ជាប្រចាំថ្ងៃដល់សហគមន៍ ដើម្បីផលិត ជាពងទាកូន និងពងសាប សម្រាប់លក់លើទីផ្សារផងដែរ។

គួរជម្រាបថា ពងទាកូនស្រែរនោង គឺត្រូវបានផលិតឡើងដោយកសិករនៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានចងក្រងជាសហគមន៍ផលិតច្បាស់លាស់មានការយកចិត្តទុកដាក់ និងប្រើប្រាស់បច្ចេកទេសចិញ្ចឹមទាយកពង ថែទាំតាមលក្ខណៈធម្មជាតិសុទ្ធសាធ ចាប់តាំងពីការផ្តល់ចំណីមេទារហូតដល់ផលិតជាពងបញ្ចេញលក់លើទីផ្សារ៕