Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារចូលរួមរំលែកទុក្ខជូនឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចំពោះមរណភាពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈន ឆេង

23-04-2025 15:11

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្ញើសារចូលរួមរំលែកទុក្ខជូនឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ចំពោះមរណភាពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈន ឆេង កាលពីថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈន ឆេង គឺជាការបាត់បង់នូវឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ដែលបានខិតខំប្រឹងប្រែងពុះពារគ្រប់ ឧបសគ្គចិញ្ចឹមបីបាច់ថែរក្សា និងអប់រំណែនាំផ្ដល់ដំបូន្មានធ្វើឱ្យកូន-ចៅបានក្លាយជាបញ្ញវន្ត និងជាថ្នាក់ដឹកនាំ ដែលមានស្នាដៃក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ។

ម្យ៉ាងវិញទៀតមរណភាពរបស់ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈន ឆេង ក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏គំរូ ដែលតែងតែជួយគាំទ្រដល់ការកសាង ហេដ្ឋារចនាសម្ព័ន្ធនានា ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ សម្រាប់ទុកជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ និងសង្គមជាតិ។

ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំសោកសង្រេងនេះ ក្នុងនាមកងកម្លាំងនគរបាលជាតិ សូមចូលរួមសម្ដែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិស ដល់គុណបុណ្យព្រះរតនត្រ័យ ជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ ព្រឹទ្ធមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ឈន ឆេង សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕