(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចុះហត្ថលេខាលើឯកសារចំនួន៣ ជាមួយភាគីថៃ។ ការចុះហត្ថលេខានេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។

ឯកសារចំនួន៣ ដែលត្រូវបានចុះហត្ថលេខា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ រួមមាន៖
*ទី១៖ លិខិតប្តូរសារស្តីពី គម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ដែលចុះហត្ថលេខារវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ។

*ទី២៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលចុះហត្ថលេខារវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ ឯកឧត្តម Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងការងារនៃព្រះរាជាណាចក្រថៃ។

*និងទី៣៖ កិច្ចព្រមព្រៀងស្តីពី ការប្រើប្រាស់កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ដែលចុះហត្ថលេខារវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងការងារនៃព្រះរាជាណាចក្រថៃ៕