(ភ្នំពេញ)៖ មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យគន្ធបុប្ផា បានទទួលអំណោយសប្បុរសធម៌របស់ក្រុមហ៊ុន ដាវី ស៊ីអេច ជាសម្ភារអនាម័យ និងអាកុល១៥០០លីត្រ។
ការប្រគល់ជូនអំណោយទាំងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ដោយសប្បុរសជននាំយកអាកុល និងអំណោយជូនមន្ទីរពេទ្យកុមារជាតិចំនួន៧៥០លីត្រ និងមន្ទីរពេទ្យគន្ធបុប្ផា ចំនួន៧៥០លីត្រ ដើម្បីសម្រាប់ប្រើប្រាស់ក្នុងតម្រូវការរបស់មន្ទីរពេទ្យ។
ជាមួយគ្នានេះ តំណាងក្រុមហ៊ុន បានថ្លែងអំណរអរគុណ និងកោតសរសើរគិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិតទាំងអស់ ដែលកំពុងថែរក្សា ព្យាបាលអ្នកជំងឺ ដោយសេចក្តីស្រលាញ់បរិសុទ្ធ ការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ពួកគាត់ ដោយគ្មានការស្ទាក់ស្ទើរ។ បន្ថែមទៀតនោះ តំណាងក្រុមហ៊ុន សង្ឃឹមយ៉ាងមុតមាំថា នឹងបន្តផ្តល់ជំនួយមនុស្សធម៌ជាបន្តបន្ទាប់ទៀត ដល់មន្ទីរពេទ្យផ្សេងៗទៀត។
ជាការឆ្លើយតប ថ្នាក់ដឹកនាំមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងថា សម្ភារទាំងនេះ បានដើរតួនាទីដ៏សំខាន់សម្រាប់បម្រើការក្នុងមន្ទីរពេទ្យទាំងមូល និងទុកប្រើប្រាស់ នៅពេលណាដែលមាន ជំងឺរាតត្បាត នៃជំងឺឆ្លងផ្សេងៗ ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា៕