(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេសដ៍ បានថ្លែងឲ្យដឹងថា នៅឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលប្រារព្ធឡើងនៅថ្ងៃទី១៣-១៤ និង១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ បានត្រៀមស្រោមអនាម័យចំនួន២០មឺុនស្រោម ដើម្បីចែកជូនប្រជាពលរដ្ឋ ពិសេសយុវជន ដែលបានមកកម្សាន្តក្នុងពិធីបុណ្យនោះ។
ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្ត្រី ធ្វើនៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកានេះ ក្នុងសិក្ខាសាលា ស្ដីពីការបញ្ជ្រាបសារអប់រំអំពីមេរោគអេដស៍ និងជំងឺអេដស៍ ដល់សិល្បករ និងអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលរៀបចំឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២។
ជាមួយគ្នានេះ លោកបានបញ្ជាក់ទៀតថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ក៏បានសហការជាមួយតារាចម្រៀង តារាសម្តែង និងតារាកំប្លែង ដែលនឹងត្រូវសម្តែងក្នុងព្រះរាជពិធីបុណ្យអុំទូក ផ្តល់ជាសារអប់រំដល់បងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនាផងដែរ ធ្វើយ៉ាងណាឲ្យពួកគាត់ចេះការពារខ្លួនពីជំងឺអេដស៍៕