(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាអ្នកផ្តួចផ្តើមគំនិតសាងសង់មន្ទីរពេទ្យ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលថវិកាមនុស្សធម៌ ពីសប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រចូលរួមចំណែកកសាងអគារសង្គ្រោះបន្ទាន់ មួយខ្នង កម្ពស់៥ជាន់ ក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ទុកសម្រាប់បម្រើគុណប្រយោជន៍ប្រជាពលរដ្ឋទូទៅក្នុងខេត្ត ចំនួន៣០លានរៀល និង១,៥០០ដុល្លារ។
ពិធីនេះត្រូវបានធ្វើឡើង នៅបន្ទប់រងចាំក្នុងសាលាខេត្ត ដោយបានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត ប្រធានស្តីទីមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យបង្អែកពោធិ៍សាត់ និងសប្បុរសជនមួយចំនួនទៀត។
លោក ខូយ រីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ៖
ទី១-លោក ម៉ា ស៊ីថេត និងលោកស្រី ឈុន ម៉ាឡា ព្រមទាំងក្រុមគ្រួសារ ដែលបានចូលរួមជួយឧបត្ថម្ភគាំទ្រជាថវិកា ចំនួន១០លានរៀល,
ទី២-លោក ឈុន គឹមហ៊ួរ និងលោកស្រី យិន នី ព្រមទាំងក្រុមគ្រួសារ ដែលបានចូលរួមជួយឧបត្ថម្ភគាំទ្រជាថវិកា ចំនួន១០លានរៀល,
ទី៣-លោកវេជ្ជបណ្ឌិត ម៉ៅ ស៊ីវណ្ណា ព្រមទាំងក្រុមគ្រួសារ ដែលបានចូលរួមជួយឧបត្ថម្ភគាំទ្រជាថវិកា ចំនួន១០លានរៀល
និងទី៤-ឧបាសក តាន់ ស្រេង និងឧបាសិកា ឱ ណាគ្រី ព្រមទាំងកូនចៅ ដែលបានចូលរួមជួយឧបត្ថម្ភគាំទ្រជាថវិកា ចំនួន១,៥០០ដុល្លារ ។
សរុបថវិកាចំនួន៣០លានរៀល និង១,៥០០ដុល្លារ ទុកសម្រាប់បម្រើឱ្យការងារសាងសង់អគារសង្គ្រោះបន្ទាន់ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលគ្រោងនឹងចាប់ដំណើរការសាងសង់ នាពេលដ៏ខ្លីខាងមុខ។
លោកក៏បានលើកឡើង ពីការខិតខំយកចិត្តទុកដាក់ អស់ពីកម្លាំងការចិត្ត របស់លោក ខូយ ឌី អតីតប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ នៃមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ក្នុងការគៀងគររកសប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រ ជាថវិកា ដើម្បីសាងសង់អគារសង្គ្រោះបន្ទាន់ ប្រកបទៅដោយស្មារតី មនសិការនៃការអភិវឌ្ឍន៍ លើវិស័យសុខាភិបាល ក៏ដូចជាបម្រើឱ្យគុណប្រយោជន៍ ក្នុងការសម្រាកព្យាបាលរបស់អ្នកជំងឺ ដែលត្រូវការអគារនេះជាចាំបាច់។ លោកសូមសន្យាថា នឹងប្រើប្រាស់ថវិកាទាំងអស់នេះ ឱ្យចំគោលដៅ និងមិនឱ្យខុសបំណងនោះឡើយ ហើយក៏សង្ឃឹមថានឹងមានសប្បុរសជនដ៏ទៃទៀត ចូលរួមឧបត្ថម្ភជាបន្តបន្ទាប់។
ក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានប្រគល់ប័ណ្ណថ្លែងអំណរគុណ ជូនចំពោះសប្បុរសដែលបានជួយឧបត្ថម្ភថវិកា ជូនដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់កសាងមន្ទីរបង្អែកខេត្ត នាពេលដ៏ខ្លីខាងមុខ និងសូមប្រសិទ្ធពរ បវរសសួស្តី ឱ្យទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
បើតាមលោកវេជ្ជបណ្ឌិត ម៉ៅ ស៊ីវណ្ណា ប្រធានមន្ទីរពេទ្យបង្អេកពោធិ៍សាត់ បានឱ្យដឹងថា គម្រោងសាងសង់អគារសង្គ្រោះបន្ទាន់ខាងលើ គឺជាគំនិតផ្តួចផ្តើមរបស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងបានការចូលរួមឈរឈ្មោះគៀងគររកសប្បុរសជនគ្រប់មជ្ឈដ្ឋាន ពីសំណាក់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដើម្បីសាងសង់អគារសង្គ្រោះបន្ទាន់មួយខ្នងឡើង កម្ពស់៥ជាន់ គ្រោងបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដោយជាន់ទី១ សម្រាប់ប្រើប្រាស់ លើផ្នែកសង្គ្រោះបន្ទាន់ កម្រិតធ្ងន់, ជាន់ទី២ ប្រើប្រាស់លើផ្នែកសង្គ្រោះបន្ទាន់ កម្រិតមធ្យម, ជាន់ទី៣ ប្រើប្រាស់លើផ្នែកសម្រាកព្យាបាល, ជាន់ទី៤ ប្រើប្រាស់លើផ្នែកក្រពះ ពោះវៀន, ជាន់ទី៥ ប្រើប្រាស់លើផ្នែកតម្រងនោម និងជាន់លើសម្រាប់ស្តារនីតិសម្បទា៕