(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍ ប្រារព្ធពិធីជួបជុំសមាជិកនៅទីស្នាក់ការរបស់ខ្លួន ស្ថិតនៅផ្ទះលេខ២៣ ផ្លូវលេខ៣១៣ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយមានអ្នកចូលរួម២០០នាក់ និងអនុញ្ញាតឱ្យតំណាងយកញ្ញត្តិទៅដាក់នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីឱ្យក្រសួងធ្វើកំណត់ទូតទៅស្ថានទូតវៀតណាមប្រចាំកម្ពុជា។
ការអនុញ្ញាតឱ្យសមាគមខ្មែរកម្ពុជាក្រោម ជួបជុំសមាជិករបស់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីសមាគម បានដាក់លិខិតជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ដោយស្នើសុំដង្ហែក្បួន និងប្រមូលផ្តុំគ្នា ដើម្បីដាក់ញ្ញត្តិជូនស្ថានទូតវៀតណាម ដើម្បីសម្តែងការតវ៉ាជាមួយអាជ្ញាធរវៀតណាមនៅខេត្ត Tra Vinh (ព្រះត្រពាំង) កាលីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បានចាប់ផ្សឹកព្រះសង្ឃខ្មែរក្រោមមួយអង្គ និងចាប់ខ្លួនយុវជនខ្មែរក្រោមពីររូប យកទៅឃុំខ្លួនរហូតមកដល់ពេលនេះ។
ក្រោយពីទទួលបានលិខិតស្នើសុំរបស់សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍, រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំក្រោមការដឹកនាំរបស់លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ដោយសម្រេចមិនអនុញ្ញាតឱ្យមានការជួបជុំក្នុងវត្ត និងមានការដង្ហែក្បួននោះទេ ប៉ុន្តែអនុញ្ញាតឱ្យជួបជុំនៅទីស្នាក់ការរបស់ខ្លួន ដោយមានសមាជិកចូលរួម២០០នាក់។
យោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ ផ្ញើជូនលោក សឺន យឿង ប្រធានប្រតិបត្តិសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឈន៍ បានគូសបញ្ជាក់ថា «ផ្អែកតាមស្មារតីអង្គប្រជុំនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ លោកប្រធានបានយល់ព្រមប្រារព្ធពិធីជួបជុំដោយមានអ្នកចូលរួមចំនួន ២០០នាក់ នៅទីស្នាក់ការសមាគមរបស់ខ្លួន ស្ថិតនៅផ្ទះលេខ២៣ ផ្លូវលេខ៣១៣ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដើម្បីឱ្យដំណើរការខាងលើប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ លោកត្រូវសហការឱ្យបានល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ ស្របតាមកំណត់ហេតុប្រជុំដែលបានឯកភាពកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ»៕