(សាធារណរដ្ឋតួកគីយ៉េ)៖ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA Annual Summit) លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Fabrizio Angelo Orlando នាយកទទួលបន្ទុកសកលផ្នែកកិច្ចការរបស់ក្រុមហ៊ុន Tripadvisor (Global Director, Industry Affairs) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ម្សិលមិញ។
ជំនួបនេះបានពិភាក្សាអំពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយក្រសួងទេសចរណ៏កម្ពុជា ផ្តោតលើការផ្តល់នូវលទ្ធភាពដល់សហគមន៍ និងម្ចាស់អាជីវកម្មខ្នាតតូចមានលទ្ធភាពចូលរួមផ្តល់សេវាកម្មក្នុងវេទិការ (Platform) របស់ក្រុមហ៊ុនដ៏ធំ និងល្បីល្បាញក្នុងពិភពលោកមួយនេះ រួមទាំងការផ្តល់នូវការបណ្តុះបណ្តាលផងដែរ។
កិច្ចសហប្រតិបត្តិការនេះ គឺគោរពប្រតិបត្តិតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំដល់ក្រសួងទេសចរណ៍ សហការសម្របសម្រួលជាមួយប្រតិបត្តិករទេសចរណ៍ និងសហគមន៍ ដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅតំបន់នោះឲ្យកាន់តែប្រសើរឡើង ក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ ក្រោយដំណើរទស្សនកិច្ចនៅតំបន់ខ្នងផ្សារកន្លងមក។
សូមបញ្ជាក់ថា TripAdvisor គឺជាវេទិកាធំបំផុតមួយលើលោកសម្រាប់ស្វែងរក ស្វែងយល់ ប្រៀបធៀប និងបញ្ចេញយោបល់អំពីទីកន្លែងទេសចរណ៍ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន កន្លែងទេសចរណ៍ និងសេវាកម្មក្នុងវិស័យទេសចរណ៍ពាសពេញពិភពលោក និងបន្តុំជាង១ពាន់លានមតិយោបល់៕