(ភំ្នំពេញ)៖ ឪពុកម្តាយ និងអាណាព្យាបាលសិស្សានុសិស្សដែលរៀននៅវិទ្យាស្ថាន Deli ជាង៥០នាក់ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បាននាំគ្នាទៅតវ៉ា និងសុំកិច្ចអន្តរាគមន៍ ពីចៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ បន្ទាប់ពីនាយកសាលាមួយនេះ បានរត់ចោលដោយសារតែក្ស័យធន ដែលធ្វើឲ្យពួកគាត់ខាតលុយអស់ជាច្រើន លើការបង់ថ្លៃសិក្សា។

ឪពុកម្តាយ និងអាណាព្យាបាលសិស្សទាំងនេះបានប្រាប់ភ្នាក់ងារ Fresh News ថា ពួកគាត់បានចំណាយលុយ លើការបង់ថ្លៃសិក្សា អស់ជាច្រើនដោយបង់៦ខែ មានចំនួន ២៦១ដុល្លារ និងបង់មួយឆ្នាំ ម្នាក់ចំនួន៧០០ដុល្លារ ហើយខ្លះមានកូន២ទៅ៣នាក់ រៀននៅសាលាបោកប្រាសមួយនេះ។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើលោកចៅសង្កាត់មានចំណាត់ការយ៉ាងដូចម្តេចនោះទេ ដោយសារតែម្ចាស់សាលាមួយនេះ បានរត់គេចខ្លួនបាត់ទៅហើយ។

សូមបញ្ជាក់ថា អាណាព្យាបាលសិស្សានុសិស្សជាច្រើននាក់ បានប្រមូលផ្ដុំគ្នានៅមុខវិទ្យាស្ថានឌែលី ដោយសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ក្រោយដឹងថា នាយកសាលាមួយនេះបានរត់គេចខ្លួន បង្អាក់ការសិក្សាកូនៗ​របស់ពួកគាត់ទាំងកណ្ដាលទី ថែមទាំងមិនបានបើកប្រាក់ខែ ឲ្យបុគ្គលិកជាច្រើននាក់ផងដែរ។

ការភ្ញាក់ផ្អើលដោយសារតែនាយកសាលាឯកជនខាងលើនេះ រត់ចោលកូនសិស្ស ដោយសារតែភាពក្ស័យធននោះ បានកើតឡើងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ នាយកសាលាខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះ លី សេងហ៊ុយ អាយុ៤០ឆ្នាំ ធ្លាប់ស្នាក់នៅក្នុងសាលាផ្ទាល់។

បុគ្គលិកដែលបម្រើការងារនៅវិទ្យាស្ថានឯកជនមួយនេះ បានឲ្យដឹងថា សាលានេះមានបុគ្គលិក លោកគ្រូ-អ្នកគ្រូជិត៥០នាក់ ដោយទទួលបានប្រាក់ខែក្នុងម្នាក់ៗ ២០០ដុល្លារក្នុងមួយខែ, អ្នកបើករថយន្តដឹកសិស្សជាង២០នាក់ ក្នុងម្នាក់ៗទទួលបានប្រាក់ខែ៥០០ដុល្លារ (រថយន្តខ្លួនឯង) និងអ្នកអនាម័យក្នុងសាលា២នាក់ទៀត ក្នុងម្នាក់ៗទទួលបានប្រាក់ខែ១២០ដុល្លារ។

លោកគ្រូ-អ្នកគ្រូ រួមទាំងបុគ្គលិកដទៃទៀត បាននិយាយថា រយៈពេល៣ខែមកហើយ ដែលពួកគាត់មិនបានទទួលប្រាក់ខែពីសាលា ដោយនាយកសាលាបានសន្យា១ខែហើយ១ខែទៀត និងសូមឲ្យពួកគាត់ជួយបន្តធ្វើការងារ តែដល់ពេលនេះលោកនាយករត់គេចខ្លួនចោលសាលាតែម្តង។

ពួកគាត់បានបន្តថា អ្នកដែលជួបបញ្ហាមិនមែនត្រឹមតែប៉ះពាល់ដល់ពួកគាត់ ជាគ្រូបង្រៀននោះទេ អ្វីដែលសំខាន់នោះ គឺសិស្សានុសិស្សរាប់រយនាក់ ដែលកំពុងសិក្សាត្រូវបាត់បង់ ការសិក្សាពាក់ កណ្តាលទី ផងដែរ។

ចំណែកអាណាព្យាបាលសិស្ស បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះនាយកសាលានេះ ព្រោះហាក់បីដូចជា មកបំផ្លាញអនាគតកូនៗរបស់ពួកគាត់ ដែលមានជំនឿទុកចិត្តទៅលើសាលា ថានឹងអាចផ្តល់អនាគតភ្លឺស្វាង ដល់កូនៗរបស់ពួកគាត់។

ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកគ្រូ-អ្នកគ្រូ ក៏ដូចជាអាណាព្យាបាលសិស្សខាងលើ អង្គភាព Fresh News មិនអាចធ្វើការឆ្លើយបំភ្លឺពី លោក លី សេងហ៊ុយ បានទេ៕


ឈ្មោះ លី សេងហ៊ុយ នាយកវិទ្យាស្ថាន Deli