(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ បានប្ដេជ្ញាចិត្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងរាល់ឧក្រិដ្ឋកម្មឆបោកបានប្រព័ន្ធអនឡាញ ពិសេសនៅតាមព្រំដែនប្រទេសទាំងពីរ។
ការប្ដេជ្ញាចិត្តរួមគ្នារវាងនាយករដ្ឋមន្ដ្រីប្រទេសទាំងពីរកម្ពុជា-ថៃ ធ្វើឡើងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ នៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ។
ក្នុងសន្និសីទសារព័ត៌មាន បង្ហាញអំពីសេចក្ដីថ្លែងការណ៍រួមដែលធ្វើឡើងដោយនាយករដ្ឋមន្ដ្រីទាំងពីរ បន្ទាប់ពីបញ្ចប់ការចុះហត្ថលេខាលើឯកសារសំខាន់ៗ មួយចំនួនហើយនោះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានអះអាងថា ភាគីទាំងពីរនឹងបន្ដសហការដើម្បីលុបបំបាត់បណ្ដាញឧក្រិដ្ឋកម្មនេះឲ្យអស់ពីព្រំដែនកម្ពុជា-ថៃ។
នាយករដ្ឋមន្ដ្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមថ្លែងអំណរគុណនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ចំពោះភាពជាដៃគូដ៏រឹងមាំរវាងកងកម្លាំងនគរបាល ក្នុងការប្រឆាំងអំពើឆបោកអនឡាញ ហើយនឹងបន្ដសហការដើម្បីលុបបំបាត់បណ្ដាញឧក្រិដ្ឋកម្មនេះឲ្យអស់ពីព្រំដែនកម្ពុជា-ថៃ»។
បន្ថែមពីនេះ លោកស្រីនាយករដ្ឋមន្ដ្រីថៃ បានឲ្យដឹងទៀតថា ភាគីទាំងពីរ ក៏នឹងពង្រឹងភាពជាដៃគូផ្នែកសន្ដិសុខ ដោយឯកភាពដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការវិស័យយោធាឲ្យកាន់តែជិតស្និតនៅគ្រប់កម្រិត ដើម្បីរក្សាសន្ដិភាព ស្ថេរភាព នូវតាមព្រំដែនកម្ពុជា-ថៃ៕