(ភ្នំពេញ)៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូជប៉ុន ដឹកនាំដោយលោក SANJO AKIHITO អគ្គនាយក​នៃអគ្គនាយកដ្ឋាន​គ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ជប៉ុន និងក្រុមការងារជំនាញការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍ផែការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់។

កិច្ចប្រជុំនេះបានធ្វើឡើងនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដែលបានរៀបចំឡើងក្នុងគោលបំណង ដើម្បីណែនាំពីក្រុមការងារជំនាញការទីភ្នាក់ងារ JICA ដែលនឹងចាប់ផ្តើមចុះសិក្សាផែនការលម្អិត​ លើការរៀបចំអនុវត្តគម្រោងអភិវឌ្ឍន៍ផែការមេ ដើម្បីប្រែក្លាយកំពងផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់ ដែលត្រូវបានរដ្ឋាភិបាលជប៉ុន​អនុម័តដាក់បញ្ចូល​ ទៅក្នុងកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងឆ្នាំសារពើពន្ធ២០២៥។

តាមការរំពឹងទុក ផែនការមេនេះនឹងជួយពង្រីកសក្តានុពលនៃប្រព័ន្ធឡូជីស្ទីក នៅកម្ពុជាឱ្យបានកាន់តែល្អ និងមានគុណភាពល្អប្រសើរ សំដៅបង្កើនសមត្ថភាពនៃប្រតិបត្តិការ និងសេវាកម្មរបស់កំពង់ផែ​ក្រុងព្រះសីហនុ ឱ្យកាន់តែធំ និងខ្លាំងក្លាជាងមុន ដែលនឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូននៅកម្ពុជា និងពង្រឹងឧត្តមភាពប្រកួតប្រជែងជាមួយកំពង់ផែធំៗ ក្នុងតំបន់ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា ស្របតាមចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០៕