Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត​របស់កម្ពុជា-ថៃ សម្រាប់ព្រះរាជាណាចក្រពីរគោលដៅតែមួយ(Video inside)

23-04-2025 13:59

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ​ បានថ្លែងទៅកាន់នាយករដ្ឋមន្ត្រីថៃថា កម្ពុជាបានត្រៀមខ្លួនជាស្រេច និងបើកចំហរជានិច្ច ព្រមទាំងមានសុច្ឆន្ទៈចង់រីកចម្រើនជាមួយគ្នា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍។

ការថ្លែងបែបនេះរបស់សម្ដេចបវរធិបតី បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ នាយករដ្ឋមន្រ្តីថៃ ក្រោយបញ្ចប់ជំនួប និងពិធីចុះហត្ថលេខាលើឯកសារចំនួន៧ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែមេសានេះ អំឡុងពេលលោកស្រីនាយករដ្ឋមន្រ្តីថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «វិស័យទេសចរណ៍ និងការតភ្ជាប់ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជន និងប្រជាជន យើងបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់យើង សម្រាប់ព្រះរាជាណាចក្រពីរគោលដៅតែមួយ»

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «កម្ពុជានឹងស្វាគមន៍ ចំពោះគំនិតផ្ដួចផ្ដើមប្រទេសតែមួយគោលដៅតែមួយជាពិសេសកម្ពុជារីករាយសហការគ្នាជានិច្ច ក្នុងការបង្កើតក្រុមការងារ ដើម្បីពិភាក្សាក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងការងារនេះ»

នាឱកាសនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអរគុណដល់មិត្តថៃដែលបានបន្តយកចិត្តទុកដាក់ចំពោះពលករខ្មែរ និងថ្មីៗនេះបានលើកលែងលើថ្លៃទិដ្ឋាការអនុញ្ញាតឲ្យចូលប្រទេសវិញ សម្រាប់ពលករខ្មែរដែលបានធ្វើដំណើរមកលេងគ្រួសារនៅប្រទេសកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ស្របតាមការស្នើសុំដោយផ្ទាល់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលកន្លងមក៕