(ភ្នំពេញ)៖ សិស្សានុសិស្សកម្ពុជា កំពុងតែបានបង្ហាញឱ្យបរទេសស្គាល់ពីប្រទេសកម្ពុជាកាន់តែច្បាស់ តាមរយៈការបង្ហាញសមត្ថភាពរបស់ខ្លួន លើឆាកអន្តរជាតិអន្តរជាតិជាបន្តបន្ទាប់ ជាក់ស្តែងការប្រកួត​ក្នុងកម្មវិធី Nextgen Olympiad នៅប្រទេសអូស្ត្រាលី លើមុខវិជ្ជាប្រកួត គណិតវិទ្យា ដែលមានកូនសិស្សជាង ២០០នាក់ មកពី ១៥ប្រទេសចូលរួមប្រកួត ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញ សិស្សកម្ពុជា​ដណ្តើម​យកបាន​មេដាយ មាស ប្រាក់ សំរឹទ្ធ មួយចំនួនផងដែរ។

គួរបញ្ជាក់ដែរថា កម្មវិធីនេះធ្វើឡើងក្រោមការសម្របសម្រួលរបស់ក្រុមហ៊ុន Bright Education Consultant and Travel Co.,Ltd ដែលជាក្រុមហ៊ុនរៀបចំការប្រកួតប្រជែងរបស់សិស្ស ហើយក្រុមហ៊ុន​តែងតែ​រៀបចំកម្មវិធីប្រកួតប្រជែង ដូចនេះជាបន្តបន្ទាប់ សម្រាប់អាណាព្យាបាលដែលមានបំណងចង់ឱ្យកូនសិស្ស ចូលរួមប្រកួតប្រជែងដូចនេះ អាចទាក់ទងតាមរយៈលេខ ០៧០ ៧២២ ៣៤០។

លោក គង់ សាលីមីន អ្នកសម្របសម្រួលរបស់ Bright បានឱ្យដឹងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះថា កម្មវិធីនេះមានឈ្មោះថា Nextgen Olympiad ដែលជាវគ្គ Global round ដែលប្រឡងផ្តោតលើមុខវិជ្ជា គណិតវិទ្យា ដែលបានធ្វើឡើង​​នៅប្រទេសអូស្ត្រាលី ហើយចំពោះកូនសិស្សពីកម្ពុជា ដែលបានទៅចូលរួមមានចំនួន ១៣នាក់ ហើយក្នុងនោះបានទទួលមេដាយមាស ៦នាក់ មេដាយប្រាក់ ៤នាក់ និងមេដាយសំរឹទ្ធ ៣នាក់។

លោកបានបន្ថែមថា កម្មវិធី Nextgen Olympiad មានកូនសិស្សមកពី ១៥ប្រទេសចូលរួម និងមានកូនសិស្សជាង ២០០នាក់ បានចូលរួមប្រកួត ហើយរយៈលទ្ធផលនេះបានបង្ហាញយ៉ាងច្បាស់ថា សមត្ថភាពរបស់កូនខ្មែរយើងគឺខ្លាំង បើធៀបនឹងសិស្សអន្តរជាតិមកពីបណ្តាលប្រទេសផ្សេងៗទៀត គ្រប់ការប្រកួតគឺកូនខ្មែរសុទ្ធតែធ្វើបានល្អជាបន្តបន្ទាប់ផងដែរ។

សិស្សឆ្នើមកម្ពុជា ដែលបានទៅចូលរួមកម្មវិធីប្រកួតនេះបានឱ្យដឹងថា មុន​ពេលទៅចូលរួមប្រកួតរូបគេបានចំណាយពេលជាច្រើន ដើម្បីធ្វើការសិក្សាស្រាវជ្រាវពីរូបមន្ត និងមេរៀនគណិតវិជ្ជាផ្សេងៗ ក៏ដូចជាធ្វើការដោះស្រាយ​លំហាត់ជាច្រើនដង ដើម្បីបានចាំច្បាស់ និងត្រៀមខ្លួនឱ្យបានរួចរាល់ មុនទៅចូលរួមប្រកួតផងដែរ។ រូបគេក៏បានលើកទឹកចិត្តដល់សិស្សានុស្សទាំងអស់ ពង្រឹងសមត្ថភាពខ្លួនឯងឱ្យបានខ្លាំង និងរកឱកាសក្នុងការចូលរួមប្រកួតប្រជែងឱ្យបានច្រើន ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងផងដែរ។

ដោយឡែកសិស្សឆ្នើមម្នាក់ទៀត បានឱ្យដឹងដែរថា ការចូលរួមប្រឡងនៅប្រទេសអូស្ត្រាលីនេះ គឺពិតជាមានការប្រកួងប្រជែងខ្លាំង ព្រោះមានបេក្ខជនមកពីច្រើន​ប្រទេស បានចូលរួមប្រកួត តែទោះជាយ៉ាងណា នៅពេលដែលយើងពង្រឹងសមត្ថភាពខ្លួនឯងឱ្យបានខ្លាំង គឺយើងពិតជាអាចដោះស្រាយបានផងដែរ។ នាងពិតជាមានមោទនភាពជាខ្លាំង ដែលអាចដណ្តើមបានជ័យលាភី ក្នុងចំណោមកូនសិស្ស​មកពីប្រទេសជាច្រើនចូលរួមប្រកួត និងបាននាំយក​មេដាយមកដល់ទឹកដីនៃប្រទេសកម្ពុជាផងដែរ។

ជាមួយគ្នានោះលោក ប៉ា សុងឃាង អាណាព្យាបាលសិស្សឆ្នើមមួយរូបដែរ បានប​ញ្ជាក់ដែរថា កាលដែលកូនសិស្សពីកម្ពុជា បានទៅចូលរួមប្រកួតនៅក្រៅប្រទេសនេះបាន គឺដោយសារតែវិស័យអប់រំ នៅក្នុងប្រទេសកម្ពុជាមានគុណភាព ទើបកូនសិស្សអាចមានសមត្ថភាពចេញទៅប្រកួតប្រជែងនៅក្រៅប្រទេស និងទទួលបានលទ្ធផលល្អដូចនេះ។

លោកក៏បានអរគុណចំពោះ​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់​វិស័យអប់រំ ដែលមានក្រសួងអប់រំជាសេនាធិការ តាមរយៈនេះហើយទើបធ្វើឱ្យកូនខ្មែរ​ មានឱកាស​ក្នុងការចេញទៅបង្ហាញសមត្ថភាព លើឆាកអន្តរជាតិជាបន្តបន្ទាប់ផងដែរ៕