(ភ្នំពេញ)៖ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង មកប្រទេសកម្ពុជាកាលពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥ មានការចុះហត្ថលេខាលើឯកសារពិធីសារចំនួន ៣ សម្រាប់ការនាំចេញផលិតផលកសិកម្មចំនួន ៣មុខរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។

បើតាម លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh Newsថា បន្ទាប់ពីការចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញសំបុកត្រចៀកកាំ និងផ្លែទុរេនស្រស់ទៅកាន់ប្រទេសចិន អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម នឹងចេញសេចក្តីជូនដំណឹងដល់កសិករ ម្ចាស់ចម្ការ សហគមន៍កសិកម្ម និងម្ចាស់រោងចក្រកែច្នៃនិងវេចខ្ចប់ ដែលមានបំណងចូលរួមក្នុងការនាំចេញ។

លោក បានបញ្ជាក់ថា កសិករត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ទៅកាន់អគ្គនាយកដ្ឋានកសិកម្ម ហើយក្រោយពីទទួលបានពាក្យស្នើសុំ មន្ត្រីជំនាញនឹងចុះណែនាំ វាយតម្លៃចម្ការនិងរោងចក្រ ស្របតាមលក្ខណៈបច្ចេកទេសដែលមានចែងក្នុងពិធីសារ មុននឹងបញ្ជូនបញ្ជីឈ្មោះទៅកាន់អាជ្ញាធរគយចិនសម្រាប់ការត្រួតពិនិត្យចុងក្រោយ។

ជាមួយគ្នានេះ លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «ចំពោះការនាំចេញសំបុកត្រចៀកកាំ និងផ្លែទុរេនស្រស់ទៅកាន់ប្រទេសចិន នឹងអាចចាប់ផ្តើមបានក្នុងឆ្នាំ២០២៥នេះ។ ក្រោយពេលថ្នាក់ដឹកនាំកម្ពុជា-ចិន បានចុះហត្ថលេខាលើពិធីសារនេះ ក្រសួងមានការរំពឹងថា ការនាំចេញទំនិញកសិផលទាំងនេះនឹងជួយពង្រីកទីផ្សារកសិផលកម្ពុជា បង្កើនចំណូលដល់កសិករខ្មែរ និងរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈវិស័យកសិកម្ម»

មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មរូបនេះ បានមានប្រសាសន៍បន្តថា ក្រសួងនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីចិន ដើម្បីធានាថាដំណើរការនាំចេញនេះប្រព្រឹត្តទៅដោយរលូន និងស្របតាមលក្ខខណ្ឌតម្រូវនៃពិធីសារដែលបានចុះហត្ថលេខា។

សូមជម្រាបថា អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង មានការចុះហត្ថលេខាលើឯកសារចំនួន ៣៧ ក្នុងនោះពាក់ព័ន្ធនឹងការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត។

សម្រាប់វិស័យកសិកម្ម មានឯកសារពិធីសារចំនួន៣ រួមមាន៖ ពិធីសារស្តីពីលក្ខខណ្ឌតម្រូវចត្តាឡីស័កនិងសុខភាព សម្រាប់ការនាំចេញក្រពើដែលបានបង្កាត់ពូជនៅកសិដ្ឋានពីព្រះរាជាណាចក្រកម្ពុជា ទៅសាធារណរដ្ឋប្រជាមានិតចិន, ពិធីសារស្តីពីលក្ខខណ្ឌតម្រូវក្នុងការធ្វើអធិការកិច្ច ចត្តាឡឺស័ក និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំដែលមិនទាន់សម្អាត និងសំបុកត្រចៀកកាំដែលបានសម្អាតពីកម្ពុជាទៅចិន និងពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន៕