(ពោធិ៍សាត់)៖ គម្រោងស្ពានបេតុងមួយកន្លែង ប្រវែង១៤៤ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តគម្រោងសាងសង់ ដោយកងវិស្វកម្មក្រសួងការពារជាតិ ត្រូវបានប្រារព្ធពិធីបើកការដ្ឋាន ការងារសាងសង់លើកកម្រិតគុណភាពស្ពាន នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោក នួន ដាញ៉ិល រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងឧត្តមសេនីយ៍ឯក គង់ អៀង អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក នួន ដាញ៉ិល រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា សមិទ្ធផលស្ពានថ្មី ដែលត្រូវបើកការដ្ឋាននាពេលនេះ ជាចំណងដៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋស្រុកភ្នំក្រវាញ ជំនួសស្ពានភ្នំក្រវាញចាស់ ប្រវែង១៣៨ម៉ែត្រ ដែលមានសភាពចាស់ទ្រុឌទ្រោម ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន កាលពីអំឡុងឆ្នាំ២០០៥ ដើម្បីជួយសម្រួលការធ្វើដំណើរប្រចាំថ្ងៃ និងដឹកជញ្ជូនកសិផលផ្សេងៗ។
ថ្នាក់ដឹកនាំទាំង២បន្តថា ស្ពានបេតុងថ្មីនេះ ទទួលបានការងារសាងសង់ ដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ដោយត្រូវលើកកម្រិតគុណភាពស្ពានបេតុង ចំនួន១កន្លែង ប្រវែង១៤៤ម៉ែត្រ ទទឹង១០ម៉ែត្រ (ក្នុងឆ្នាំ២០២៥ សាងសង់ក្បាលស្ពានសងខាង និងទម្រកណ្តាលចំនួន៣ទម្រ) ស្ថិតនៅក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោក ខូយ រីដា និងលោក នួន ដាញ៉ិល បានបន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអគ្គមគ្គុទ្ទេសវ័យក្មេងដ៏ឆ្នើម បានដាក់ចេញគោលនយោបាយយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះ ចំនួន៥៖ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា» ដោយនៅតែតម្កល់មនុស្សជាអាទិភាពនៅលើគេ។
លោកថា «នយោបាយនេះ នៅតែជាអាទិភាព និងស្ថិតនៅលើផ្លូវ ត្រូវទាំងបច្ចុប្បន្នកាល ក៏ដូចជាអនាគតកាល សម្រាប់ការកសាងប្រទេសកម្ពុជា ឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ, បើមានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ»។
លោក ខូយ រីដា និងលោក នួន ដាញ៉ិល សូមអរគុណជូនចំពោះប្រជាពលរដ្ឋទូទាំងស្រុកភ្នំក្រវាញ ដែលជានិច្ចកាលតែងតែគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ ក្នុងន័យនេះរាជរដ្ឋាភិបាល ត្រូវតែតបស្នងជូនប្រជាពលរដ្ឋវិញ តាមរយៈការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗ ជាក់ស្តែងដូចស្ពានបេតុងថ្មីនេះ ដែលត្រូវបើកការដ្ឋានសាងសង់ ជាសក្ខីភាពស្រាប់ និងគ្រោងកែប្រែឈ្មោះថ្មីតាមការសំណូមពររបស់ប្រជាពលរដ្ឋ ជាស្ពានរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំនួសវិញ។
ថ្នាក់ដឹកនាំទាំង២ ក៏សូមថ្លែងអំណរគុណ ដល់កងវិស្វកម្មស្ពានថ្នល់លេខ១៨១ នៃនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ដឹកនាំកសាងដោយ ឧត្តមសេនីយ៍ឯក គង់ អៀង អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ក៏ដូចមន្ត្រីជំនាញបច្ចេកទេសក្រសួងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរមូលដ្ឋាន សហការចូលរួម ទើបធ្វើឱសមិទ្ធផលនេះ ចេញជារូបរៀងនាពេលខាងមុខ៕