(ភ្នំពេញ)៖ ជនសង្ស័យ២៦នាក់ក្នុងនោះមានស្ត្រី១៣នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនពាក់ព័ន្ធនឹងល្បែងសីុសង គ្រឿងញៀន និងអំពើហិង្សាតាមមូលដ្ឋាន ហើយប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចក្រឡាហោម ស ខេង បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវលុបបំបាត់ល្បែងទាំងនេះ។
សម្រាប់ជនសង្ស័យទាំង២៦នាក់ ត្រូវបានព្រះរាជអាជ្ញាកំពុងសួរនាំ រហូតមកដល់ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ប៉ុន្តែមិនទាន់ដឹងថា មានចំណាត់ការយ៉ាងណានោះទេ។
អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានប្រាប់ភ្នាក់ងារ Fresh News លោក ជួន សុជាតិ នៅព្រឹកនេះថា ជនសង្ស័យដែលបញ្ជូនទៅតុលាការទាំង២៦នាក់នេះ គឺជាប់ពាក់ព័ន្ធនឹងបទល្មើសចំនួន៤ករណីផ្សេងគ្នា។
លោក ម៉ក់ ហុង បានបញ្ជាក់ថា ទី១ លេងល្បែងសីុសង (កន្ទុយលេខ បៀរ និងបាញ់អាប៉ោង) មានចំនួន១៦នាក់ស្ត្រី ១១នាក់
ទី២ ហិង្សាមាន ០៥នាក់ស្ត្រី១នាក់និង
ទី៣ ជួញដូរគ្រឿងញៀនមាន០៣នាក់ស្ត្រីម្នាក់
ទី៤ ប្រើប្រាស់គ្រឿងញៀនមាន០២នាក់
លោក ម៉ក់ ហុង បានបន្តថានដោយមានបទបញ្ជាពីនាយឧត្តមសេនីយ៍ស្នងការរាជធានីភ្នំពេញ និងដោយមានការសំរបសំរួលពីលោក សេង ហៀង ព្រះរាជ អាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ លោកបានដឹកនាំកម្លាំងនគរបាល ចុះបង្ក្រាបល្បែងសីុសងគ្រប់ប្រភេទ ក្មេងទំនើង បទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋាន ទើបឈានទៅដល់ការចាប់ខ្លួនជនសង្ស័យទាំង២៦នាក់តែម្តង។
គួររំឮកថា ជនសង្ស័យទាំង២៦នាក់ខាងលើនេះ ត្រូវបាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជាបន្តរបន្ទាប់ក្នុងសង្កាត់ទាំង០៤ របស់ខណ្ឌក្រោយពីធ្វើការសាកសួរចប់ ក៏បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតែម្តង៕