(កណ្ដាល)៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន១,៤៧០ប័ណ្ណ ត្រូវបានចែកជូនពលរដ្ឋនៅភូមិទួលទ្រា និងភូមិព្រែកក្មេង សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល កាលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។ ពិធីចែកប័ណ្ណនេះធ្វើឡើងក្រោមអធិបតីភាពលោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល, លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ, លោក ស៊ុក ធិការ ប្រធានការិយាល័យភូមិបាលក្រុង និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

លោក នុត ពុធដារ៉ា បានថ្លែងថា ការចែកប័ណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថិរភាពសង្គម។

លោកអភិបាលរងខេត្តបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ មានសារៈប្រយោជន៍ណាស់សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូលព្រោះការចុះបញ្ជីដីធ្លីនេះបានផ្តល់នូវការធានាបាន នូវសិទ្ធិពេញលេញជា កម្មសិទ្ធិករ ស្របច្បាប់លើដីធ្លីតាមរយៈការផ្តល់ជូននូវវិញ្ញាបនបតសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង)កាត់បន្ថយជម្លោះ និងឈានដល់ការលុបបំបាត់ជម្លោះទាំងស្រុងចំពោះបញ្ហាវិវាទដីធ្លី។ ជាវត្ថុតាងស្របច្បាប់សម្រាប់ផ្ដល់នូវទំនុកចិត្ត ដល់ម្ចាស់ដីយកទៅប្រើប្រាស់តាមតម្រូវការប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត។

លោកអភិបាលរងខេត្ត បានសំដែងនូវការអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិទួលទ្រា និងភូមិព្រែកក្មេង សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលនឹងទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្ត លើកម្មសិទ្ធិរបស់ខ្លួនបន្ថែមទៀត។

ក្នុងឱកាសនោះលោក អភិបាលរងខេត្ត បានផ្តាំផ្ញើរដ្ឋបាលស្រុក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបន្តផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបាន ជំនឿទុកចិត្ត បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយលុបបំបាត់នូវបទល្មើសគ្រប់ប្រភេទ មានដូចជាចោរលួច ឆក់ ប្លន់ ល្បែងស៊ីសង និងបង្ក្រាបឱ្យបានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ បើគិតមកដល់ពេលនេះការចុះបញ្ជីបាន ៦៣ឃុំ/សង្កាត់ លើ១២៧ ឃុំ/សង្កាត់ នឹង៥៤០ភូមិ លើ១០១០ភូមិ គឺស្មើនឹង៥៣.៥% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៥៤,៥០៥ ក្បាលដី ក្នុងនោះបាន ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣៨៨,៦៨៩ ប័ណ្ណ និងចែកប័ណ្ណ ជូនដល់ដៃប្រជាពលរដ្ឋ សរុបចំនួន ២៣៥លើកស្មើនឹង ៣១៦,៧៦៤ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី២៣៦ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋស្ថិតនៅភូមិទួលទ្រា ចំនួន ៦៨៦ប័ណ្ណ និងភូមិព្រែកក្មេងចំនួន ៧៨៤ប័ណ្ណ សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ សរុបស្មើនឹង១,៤៧០ប័ណ្ណ។

ប្រជាជនសំដែងការត្រេកអរជាពន់ពេក ចំពោះថ្នាក់ដឹកនាំខេត្ត ក្រុង និងមូលដ្ឋាន និងសុំថ្លែងអំណរគុណជាអនេកកប្បការយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់នេះ៕