(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលបានប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមនៅកម្ពុជានោះ បានថ្លែងគាំទ្រលោក ដូណាល់ ត្រាំ ឲ្យក្លាយជាប្រធានាធិបតីរបស់អាមេរិក។ សម្តេចមើលឃើញថា បើលោកត្រាំ ជាប់ឆ្នោតក្លាយជាប្រធានាធិបតី សភាពការណ៍ពិភពលោក និងវិវឌ្ឍន៍ទៅរកសភាពល្អប្រសើរ និងគ្មានសង្រ្គាម ដោយសារលោក ត្រាំ ជាអ្នកជំនួញ តែបើលោកស្រី ហ៊ីលឡារី គ្លីនតុន ឈ្នះវិញ ពិភពលោកអាចនឹងស្មុគស្មាញខ្លាំង។
ការថ្លែងគាំទ្រលោក ត្រាំ ជាប្រធានាធិបតីអាមេរិក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងពេលសម្តេចអញ្ជើញធ្វើបឋកថាស្តីពី «ការដឹកនាំបញ្ជាកម្លាំង សភាពការណ៍ជាតិ អន្តរជាតិ និងបញ្ហាផ្សេងៗ» ជូនដល់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងនិស្សិត សិក្ខាកាម នៃបណ្ឌិតសភានគរបាលកម្ពុជា ដែលមានចំនួនសរុបជាង១ពាន់នាក់។
ក្នុងកិច្ចផ្តើមបឋកថា សម្តេចតេជោ ហ៊ុន សែន បានធ្វើការកត់សម្គាល់ពីការវិវឌ្ឍន៍នៃស្ថានការពិភពលោក ដែលអាចឈានទៅរកសង្រ្គាមត្រជាក់ជាថ្មី។ ក្នុងចំណោមបញ្ហាដែលសម្តេចកត់សម្គាល់នោះ ក៏មានបញ្ហានៃការបោះឆ្នោតនៅក្នុងប្រទេសអាមេរិកផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រែប្រួលយ៉ាងគំហុក នៃការគាំទ្របេក្ខភាពប្រធានាធិបតីអាមេរិករវាងលោកស្រី ហ៊ីលឡារី គ្លីនតុន និងលោក ត្រាំ មិនមែនជារឿងធម្មតាពេកនោះឡើយ។ តែទោះបីជាយ៉ាងណាសម្តេចតេជោ បានបញ្ជាក់ថា សម្តេចចង់ឲ្យលោក ដូណាល់ ត្រាំ ជាប់ឆ្នោតក្លាយជា ប្រធានាធិបតីអាមេរិក។ សម្តេចតេជោថា បើលោក ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិក ស្ថានការណ៍ពិភពលោកនិងមានភាពល្អប្រសើរ។
សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «សម្រាប់ខ្ញុំនិយាយដោយត្រង់ ខ្ញុំចង់ឲ្យត្រាំឈ្នះខ្លាំងណាស់។ បើត្រាំឈ្នះ ពិភពលោកអាចនឹងមានការប្រែប្រួល ហើយអាចមានសភាពការណ៍ល្អផង ដោយសារត្រាំ អ្នករកស៊ី បើត្រាំអ្នករកស៊ី គឺត្រាំមិនចង់ឲ្យមានសង្រ្គាមទេ អាហ្នឹងនិយាយឲ្យពិត»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា ការចាញ់ឈ្នះរវាងលោកត្រាំ និងលោកស្រី គ្លីនតុន គឺជារឿងរបស់អាមេរិក តែសម្តេចគ្រាន់តែធ្វើការកត់សម្គាល់ប៉ុណ្ណោះ ព្រោះការចាញ់ឈ្នះនេះ ក៏នឹងជាបម្រែបម្រួលសភាពការណ៍របស់ពិភពលោកផងដែរ។
បើតាមសម្តេចតេជោ ប្រសិនបើលោកស្រី ហ៊ីលឡារី គ្លីនតុន ឈ្នះអាចនឹងធ្វើឲ្យសភាពការណ៍ពិភពលោកមិនល្អ ហើយអាចនឹងមានសង្រ្គាមផងដែរ។ ការលើកឡើងដូច្នេះដោយសារសម្តេចបានមើលឃើញថា នៅពេលលោកស្រី ហ៊ីលឡារី គ្លីនតុន ឡើងធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោកស្រី បានសរសេរសៀវភៅ ហើយផ្តល់យោបល់ឲ្យលោក បារ៉ាក់ អូបាម៉ា វាយប្រហារស៊ីរីតែម្តង។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រសិនបើលោកស្រី ហ៊ីលឡារី គ្លីនតុន ជាប់ឆ្នោតទំនាក់ទំនងអាមេរិក និងចិន អាចទ្រាំទ្របាន តែទំនាក់ទំនងអាមេរិក និងរុស្ស៊ី នឹងមានការលំបាក។ តែបើលោក ត្រាំ ឈ្នះឆ្នោតវិញ លោកត្រាំ អាចនឹងក្លាយជាមិត្តភក្តិជាមួយលោក ពូទីន ប្រធានាធិបតីរុស្ស៊ី។
សូមបញ្ជាក់ថា ការប្រកួតប្រជែងស្វែងរកការគាំទ្រ ដើម្បីក្លាយជាប្រធានាធិបតីអាមេរិករវាងលោកស្រី គ្លីនតុន និងលោក ត្រាំ កំពុងមានការប្រកៀកប្រកិត និងស្វិតស្វាញខ្លាំង ហើយក៏កំពុងមានការប្រែប្រួលខ្លាំងផងដែរ។ ខណៈនេះការគាំទ្រលើបេក្ខភាពលោក ត្រាំ កំពុងមានការកើនឡើង ហើយលោកស្រី គ្លីនតុន បានធ្លាក់យ៉ាងគំហុក គ្រាដែលលោកស្រី កំពុងជាប់ពាក់ព័ន្ធនឹងអាស្រូវនៃការលួចប្រើប្រាស់ Email ឯកជនជាមួយកិច្ចនយោបាយផ្សេងៗរបស់ជាតិ នៅអំឡុងពេលកាន់ដំណែងជារដ្ឋមន្ត្រីការបរទេស៕