(ភ្នំពេញ)៖ ទិវាជនមានពិការភាពអូទីស្សឹម (Autism) និងដោនស៊ីនដ្រូម (Down Syndrome) លើកទី១២ត្រូវបានប្រារព្ធឡើងនៅថ្ងៃច័ន្ទក្នុងសប្តាហ៍នេះ ក្រោមអធិបតីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ នៅក្នុងរាជធានីភ្នំពេញ។ តើទិវាជនមានពិការភាពអូទីស្សឹម (Autism) និងដោនស៊ីនដ្រូម (Down Syndrome) លើកទី១២ មានសារ:សំខាន់អ្វីខ្លះ? សូមទស្សនាសេចក្តីរាយការណ៍!
កម្ពុជាបានប្រារព្ធទិវាជនមានពិការភាព អូទីស្សឹម (Autism) និងដោនស៊ីនដ្រូម (Down Syndrome) លើកទី១២ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។ ទិវាទាំងនេះ ត្រូវបានគាំទ្រដោយអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនទូទាំងពិភពលោក។ នៅកម្ពុជា ក៏មានការប្រារព្ធទិវាទាំងនេះដែរ ដើម្បីលើកកម្ពស់ការយល់ដឹង និងស្មារតីគោរពសិទ្ធិជនមានពិការភាព។
ការប្រារព្ធទិវាជនមានពិការភាពអូទីស្សឹម (Autism) និងដោនស៊ីនដ្រូម (Down Syndrome) ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។ ទិវាទាំងនេះ ត្រូវបានគេមើលឃើញថាជាឱកាសសម្រាប់ការយល់ដឹង និងការគោរពសិទ្ធិជនមានពិការភាពទាំងនេះ។
ការប្រារព្ធទិវាជនមានពិការភាពអូទីស្សឹម (Autism) និងដោនស៊ីនដ្រូម (Down Syndrome) លើកទី១២ ឆ្នាំ២០២៥នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី ដែលជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ នៅក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម ជា សុមេធី បានថ្លែងយ៉ាងដូច្នេះ៖
«សម្រាប់កម្ពុជាយើង ទិវានេះតែងតែប្រារព្ធធ្វើរួមគ្នារវាងអូទីស្សឹម, ដោនស៊ីនដ្រូម និងជនមានពិការភាពខ្សោយសតិបញ្ញាដទៃទៀត ក្នុងគោលបំណងបង្ហាញពីការយកចិត្តទុក ដាក់របស់រាជរដ្ឋាភិបាលចំពោះសិទ្ធិរបស់ជនមានពិការភាព ដែលមានវិបត្តិប្រព័ន្ធសរសៃប្រសាទ ក៏ដូចជាការជំរុញឱ្យក្រុមគ្រួសារ សហគមន៍ និងអ្នកពាក់ព័ន្ធនានា យល់ដឹងអំពីបញ្ហាអូទីស្សឹមនិងដោនស៊ីនដ្រូម និងជំរុញការយកចិត្តទុកដាក់ពីមាតា បិតា អាណាព្យាល ក្នុងការមើលថែទាំជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម ក៏ដូចជារួមចំណែកលើកកម្ពស់គុណភាពនៃការផ្តល់សេវានានា ព្រមទាំងលើកទឹកចិត្តឱ្យមានការចូលរួមរបស់ពួកគាត់ក្នុងសកម្មភាពនានារបស់សង្គម»។
ទិវាជនមានពិការភាពអូទីស្សឹម (Autism) និងដោនស៊ីនដ្រូម (Down Syndrome)លើកទី១២ឆ្នាំ២០២៥នេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សិទ្ធិជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូន»។
ផ្អែកតាមកំណត់ត្រាវេជ្ជសាស្ត្រ អូទីស្សឹម ឬវិបត្តិលូតលាស់មិនប្រក្រតីនៃប្រព័ន្ធសរសៃប្រសាទ ដែលអាចសម្គាល់បាននៅពេលកុមារមានអាយុ៣ឆ្នាំ និងភាគច្រើនកើតលើមនុស្សប្រុសជាងមនុស្សស្រី។ រីឯដោនស៊ីនដ្រូម គឺជាវិបត្តិនៃការចម្លងក្រូម៉ូហ្សូមទី២១ស្ទួន ដែលនាំឱ្យក្រូម៉ូសូមពួកគាត់មានរហូតដល់ ៤៧ដែលមនុស្សធម្មតាមាន៤៦។ ការវិវត្តិមិនប្រក្រតីនេះធ្វើឱ្យប៉ះពាល់ខួរក្បាលនិងរាងកាយរបស់ពួក គេ។ អ្នកមានពិការភាពប្រភេទនេះ គឺជាក្រុមជនរងគ្រោះនិងងាយគ្រោះ ដែលទាមទារការជម្រុញផ្តល់ការថែទាំ និងផ្តល់សេវាស្តារលទ្ធភាពពលកម្មទាំងផ្នែកកាយសម្បទា និងសតិបញ្ញា ប្រកបដោយគុណភាព និងការយកចិត្តទុកដាក់ជូនពួកគាត់។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោកអ៊ុង សម្បត្តិ បានថ្លែងថា ទិវាជនមានពិការភាពអូទីស្សឹម (Autism) និងដោនស៊ីនដ្រូម (Down Syndrome) លើកទី១២ ឆ្នាំ២០២៥នេះ គឺធ្វើឡើងដើម្បីបញ្ជ្រាបការយល់ដឹងអំពីអ្វីជា អូទីស្សឹម និងដោនស៊ីនដ្រូម ដើម្បីចៀសវាងការរើសអើងចំពោះជនអូទីស្សឹម និងដោនស៊ីនដ្រូម រួមទាំងផែនការចូលរួមរបស់រាជរដ្ឋាភិបាលក្នុងការខំតខំប្រឹងប្រែង ជូនដល់ជនអូទីស្សឹម និងដោនស៊ីនដ្រូម «សូមអរគុណច្រើនសម្រាប់សំណួរដ៍សំខាន់នេះ ជារៀងរាល់ឆ្នាំពិភពលោក រៀបចំទិវារ អូទីហ្សឹម និងដោនស៊ីនដ្រូមនេះ តែពិភពលោកគេបែងចែកជាពីរ គេរៀបចំទិវារអូទីហ្សឹមនៅខែមេសា ហើយទិវារដោនស៊ីនដ្រូមនៅខែមីនា តែដោយឡែកនៅកម្ពុជាយើង យើងរៀបចំទិវារទាំងពីរនេះចូលគ្នាដើម្បីចំណេញពេលវេលារផងចំណេញថវិការផង។ អញ្ចឹងកម្ពុជាយើងជារៀងរាល់ឆ្នាំ កម្ពុជាយើងរៀវចំទិវារនេះនៅខែមេសា ធម្មតាយើងធ្វើនៅខែមេសា តែនៅក្នុងឆ្នាំ២០២៥នេះ ដោយសារក្រុមការងារជាប់នៅដើមខែមេសា មុនចូលឆ្នាំយើងមានបេសកកម្មទៅក្រោប្រទេសទៅអាល់មង់ អញ្ចឹងទេឯកឧត្តមរដ្ឋមន្ត្រីគាត់ឱ្យរៀបចំកម្មវិធីនេះនៅក្រោយចូលឆ្នាំហ្នឹងគឺនៅថ្ងៃទី២១ ខែមេសានេះតែម្តង។
សម្រាប់គោលបំណងដែលយើងរៀបចំឆ្នាំ២០២៥នេះ គឺក្នុងគោលបំណងបង្កើនការយល់ដឹងមនុស្សទូរទៅក្នុងសង្គមយើងឲ្យយល់ដឹងអំពីអូរទីហ្សឹម និងអោនស៊ីនដ្រូមនេះដើម្បីដើម្បីដាក់កាត់បញ្ចូលទៅកម្មវិធីនានាហើយកុំរើសអើងគាត់, ហើយមួយទៀតដើម្បីឱ្យជនពិការ អូទីហ្សឹម និងដោនស៊ីនដ្រូមគាត់មានឪកាសជួបគ្នា គាត់ពិភាក្សាគ្នារួមទាំងឪពុក ម្តាយអាណាព្យាបាលអូទីហ្សឹមហ្នឹងគាត់ជជែកគញនា គាត់ស៊ែរគ្នាពីបញ្ហាប្រឈម និងអ្វីដែលគាត់បានជួបកន្លងមក គាត់ចែករំលែកបញ្ហាទៅវិញទៅមកពីបញ្ហាកន្លងមកហើយធ្វើមិចគាត់អាចធ្វើអីនៅថ្ងៃក្រោយទៀតគាត់អាចបញ្ចូនទៅរៀននៅកន្លែងណា រកការងារឱ្យកូនធ្វើនៅកន្លែងណាព្យាបាល ថែរទាំអីយ៉ាងមិច អញ្ចឹងគាត់អាចស៊ែរពីគ្នាទៅវិញទៅមក»។
*អ្វីជាអូទីស្សឹម?
អូទីស្សឹម គឺជាពិការភាពនៃការអភិវឌ្ឍផ្នែកប្រពន្ធ័ប្រសាទខួរក្បាល ដែលបង្កផលប៉ះពាល់ចម្បងលើផ្នែកសង្គម ប្រាស្រ័យទំនាក់ទំនងនិងស្តែងចេញនូវអាកប្បកិរិយាដដែលៗ។ អូទីស្សឹម កត់សំគាល់ដឹងមុនអាយុ៣ឆ្នាំ ជាបញ្ហារបស់កុមារតាំងពីកំណើត។ នៅក្នុងសហរដ្ឋអាមេរិក មានកុមារ១នាក់ ក្នុងចំណោមកុមារ៣១នាក់ ដែលមានអូទីស្សឹម។
យោងតាមការស្រាវជ្រាវ, កុមារដែលមាន Autism គឺគេនៅមិនទាន់ដឹងពីមូលហេតុអ្វីពិតប្រាកដនោះទេ ប៉ុន្តែអ្នកវិទ្យាសាស្ត្រយល់ថា វាបណ្តាលមកពីកត្តាបង្កើតពីកំណើត (ហ្សែន) បូកនឹងបរិស្ថានរួមគ្នា។
ការប្រារព្ធទិវាការយល់ដឹងអំពី Autism ពិភពលោកនៅក្នុងខែមេសា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីអូទីស្សឹម ទៅដល់សាធារណជន, ការអប់រំ និងបញ្ចៀសការរើសអើងដាក់កុមារ ដែលជាផ្នែកមួយនៅក្នុងកោសិកាសង្គម និងការលើកទឹកចិត្តដល់ក្រុមគ្រួសាររបស់ពួកគេ។ នាយិកាសាលាក្តីសង្ឃឹមកុមារ លោកស្រី ម៉ម ឡៃ បានថ្លែងបង្ហាញពីសារៈសំខាន់នៃការប្រារព្ធទិវាជនមានពិការភាពអូទីស្សឹម (Autism) និងដោនស៊ីនដ្រូម (Down Syndrome) យ៉ាងនេះ៖
«នាងខ្ញុំមកពីខាងសាលាពិសេសក្តីសង្ឃឹមកុមារ ហើយនៅខាងសាលារបស់យើងខ្ញុំគឺអប់រំទៅលើកុមារអូទីស្សឹម ដោនស៊ីនដ្រូនយឺតយ៉ាវភាសា កុមារ ADHD ដូចជាកុមារដែលមានពិការភាពផ្សេងៗទៀតដូចគ្នាផងដែរ។ ហើយសាលាយើង ទទូលចាប់ពី១ឆ្នាំរហូតដល់១៨ឆ្នាំ។ ទិវាពិការភាពអូទីស្សឹមគឺពិតជាមានសារៈណាស់ពីព្រោះ ទិវានេះបានផ្សព្វផ្សាយទៅដល់មហាជនទូទាំងប្រទេសឲ្យយល់ដឹងអំពីកុមារអូទីស្សឹមក៏ដូចជាដោនស៊ីនដ្រូន និងទទួលស្គាល់ទទួលយកកុំឱ្យមានការើសអើងនៅក្នុងសង្គម ជាពិសេសគឺលើកទឹកចិត្តទៅដល់អាណាព្យាបាលដែលមានកូនអូទីស្សឹម ក៏ដូចជាដោនស៊ីនដ្រូន គាត់កាន់តែមានកម្លាំងចិត្តក្នុងការជួយកូនៗរបស់គាត់ទៀតជាពិសេសគឺកុមារទាំងអស់នោះនឹងបានចូលទៅក្នុងសហគមន៍ដូចកុមារដ៏ទៃ។
ខ្ញុំពិតជាសប្បាយរីករាយដែលបានចូលរួមនៅក្នុងកម្មវិធីរបស់រដ្ឋាភិបាលដែលលោកបានប្រារព្ធពិធីនេះឡើង ហើយក៏ដូចជាផ្តល់យោបល់ទៅប្រជាពលរដ្ឋទូទាំងប្រទេស ដូចជាអាណាព្យាបាលដែលមានកូនអូទីស្សឹម ក៏ដូចជាកុមារដែលមានដោនស៊ីនដ្រូនផងដែរ សូមកុំអស់សង្ឃឹមការជួយកុមារទាន់ពេលវេលាគឺជារឿងមួយដែលសំខាន់ នៅក្នុងការឲ្យកុមារគាត់លូតលាស់ដូចកុមារដ៏ទៃ ជាពិសេសគាត់អាចចូលរួមទៅសាលារៀនតាមធម្មតាដូចកុមារដ៏ទៃដូចគ្នាផងដែរ»។
*តើគេអាចព្យាបាល Autism បានដែរឬទេ?
ក្រុមគ្រូពេទ្យនិងក្រុមអ្នកជំនាញបានថ្លែងថា គេមិនមានថ្នាំព្យាបាល Autism ដោយផ្ទាល់នោះទេ ប៉ុន្តែគេអាចជួយអោយកុមារមានការអភិវឌ្ឍ, ចេះនូវជំនាញសង្គម, ចេះដឹងនិងយល់អំពីភាសា និងជួយឥរិយាបទឱ្យបានប្រសើរឡើង តាមរយៈការបង្រៀនដូចជាការផ្លាស់ប្តូរទំនាក់ទំនងតាមរយះរូបរូបភាព ការបង្រៀនតាមបែបរចនាសម្ពន្ធ័ ការវិភាគនិងការគ្រប់គ្រងអាកប្បកិរិយា និងការអប់រំពិសេស។
លោកស្រី សេក ម៉ារ៉ុម ដែលជាអាណាព្យាបាលកុមារម្នាក់ បានរៀបរាប់ អំពីភាពវិវត្តន៍នៃកូនប្រុសរបស់គាត់ ក្រោយការព្យាបាលមួយរយៈពេលមកនេះ៖ «ចា៎នេះកូនខ្ញុំនេះ ពិស្ឋិ ដូចថាការលូតលាស់របស់គាត់គឺមិនធម្មតាគឺមិនដូចក្មេងដ៏ទៃទៀតទេ អត់ដូចក្មេងធម្មតាទេ យឺតយ៉ាវមានការយឺតយ៉ាវ ហើយសារពាង្គកាយ សិរីរាង្គរបស់គេហ្នឹងគឺថាវាមានការទន់ខ្សោយជាពិសេសសាច់ដុំវាក្រចេះដើរ ក្រចេះនិយាយ។ ប៉ុន្តែដោយសារតែខ្ញុំជាគ្រូបង្រៀន ដូច្នេះខ្ញុំបានព្យាយាមខ្លាំងណាស់ ដើម្បីឱ្យកូនបានចូលរៀន ប៉ុន្តែគាត់រៀនអត់សូវចេះទេ អត់សូវបានលទ្ធផលល្អទេ ពីព្រោះថាការចងចាំរបស់គាត់មិនសូវមាន។
ខ្ញុំឧស្សាហ៍យកគាត់មកខាងអង្គការ CCACMH ណាស់ មជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ និងយុវវ័យនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅហ្នឹងហើយដូចថាអ្នកគ្រូពេទ្យនៅទីនេះ គាត់ជួយបង្ហាត់បង្រៀនបំនិនជីវិត បំនិនងាយៗដូចថាអាចងូតទឹកខ្លួនឯងបាន អាចបត់ជើងបត់ដៃ សម្អាតខ្លួនបានសៀកពាក់ខ្លួនឯងបាន គាត់បង្ហាត់បង្រៀន ដូច្នេះអាចបំរើខ្លួនឯងបានមួយចំណែក»។
ចំណែកអ្នកណាព្យាបាលរបស់កុមារម្នាក់ទៀត គឺលោកស្រី គីម ស៊ុន បានថ្លែងរៀបរាប់ពីកូនរបស់គាត់ពីមុនមានបញ្ហាយឺតយ៉ាវ និងមានបញ្ហាសុខភាពផងដែរ ហើយគាត់សង្ឃឹមថានឹងមិនមានការរើសអើងចំពោះកុមារបែបនេះ និងទទួលបានសេចក្តីស្រឡាញ់ដូចមនុស្សទូទៅ៖ «មុននឹងចូលរៀនគឺគាត់យឺតយ៉ាវ និយាយទៅគឺយឺតយ៉ាវសព្វបែបយ៉ាង ហើយគាត់មានបញ្ហាសុខភាពដែរ, រួចហើយខ្ញុំក៏បានមកពេទ្យជ័យជំនះខាងផ្លូវចិត្តកុមារ អញ្ចឹងអ្នកគ្រូនៅទីនោះគាត់ណែនាំ ឱ្យបង្ហាត់បង្រៀនគាត់មានឯកសារអីផ្តល់មកឲ្យខ្ញុំដើម្បីយកទៅបង្រៀននៅផ្ទះ ដើម្បីជួយគាត់ជាចលនា ជាអីអញ្ចឹងទៅ ហើយគាត់ដើរបានតយៈពេល៣ឆ្នាំទើបគាត់ដើរបាន បន្ទាប់មកទៀត៤ឆ្នាំទើបគាត់បានចូលរៀនក៏គាត់បានប្រសើរបន្តិចម្តងៗ ហើយអីលូវគាត់អាចជួយខ្លួនឯងបានខ្លះ គាត់អាចជួយញុំាបាយខ្លួនឯងបានខ្លះ ហើយគាត់អាចស្លៀកពាក់ប៉ុន្តែមិនបានច្រើនទេតិចតួចបំផុត ដែលគាត់អាចរីកចម្រើនបាន»។
ការប្រារព្ធទិវាជនមានពិការភាពអូទីស្សឹម (Autism) និងដោនស៊ីនដ្រូម (Down Syndrome)លើកទី១២ នៅក្នុងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២១ ខែមេសា មានការកត់សម្គាល់ថា មានការរៀបចំដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដូចជាអ្នកអាណាព្យាបាល កុមាអូទីស្សឹម ជនមានពិការភាពវិស័យឯកជន មន្រ្តីក្រសួងពាក់ព័ន្ធ ដោយមានការសម្តែងសិល្បៈរបស់ជនមានពិការភាពអូទីស្សឹម នៃអង្គការអេពិកអាត។ នៅក្នុងពិធីនោះ គេបានចែកអំណោយដល់ជនមានពិការភាពចំនួន២០០នាក់ ដែលបានចូលរួម និងក៏មានការថតរូបអនុស្សាវរីយ៍រវាងរដ្ឋមន្ត្រី និងជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូមផងដែរ។
ទិវា Autism ពិភពលោកនេះ ត្រូវបានកំណត់ជាផ្លូវការដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០០៧។ ហើយបច្ចុប្បន្ន នៅក្នុងខែមេសាជារៀងរាល់ឆ្នាំ ត្រូវបានគេហៅថាជា «ខែនៃការយល់ដឹងអំពីAutism» ជាមួយនឹងសកម្មភាពជាសកលដូចជា ការបំភ្លឺកន្លែងសម្គាល់ជាពណ៌ខៀវ ដែលជាពណ៌ទាក់ទងនឹងការយល់ដឹងអំពី Autism, ជាយុទ្ធនាការអប់រំ និងព្រឹត្តិការណ៍នានារួមបញ្ចូលគ្នាផងដែរ៕