(ភ្នំពេញ)៖ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារលិខិតថ្លែងអំណរគុណ គោរពជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានក្រាបបង្គំទូលថ្វាយ ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជក្រឹត្យតែងតាំងរូបលោកជា «ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា»។ នេះបើតាមលិខិតថ្លែងអំណរគុណ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងលិខិតថ្លែងអំណរគុណ របស់ឯកឧត្តម ឯក សំអុល បានសរសេរថា «ខ្ញុំបាទ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ដែលបានក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានព្រះរាជក្រឹត្យតែងតាំង រូបខ្ញុំបាទជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំបាទ ពិតជាមានសេចក្តីរំភើបឥតឧបមា ព្រមទាំងមានមោទនភាពយ៉ាងក្រៃលែង ចំពោះសមានចិត្ត ស្រលាញ់រាប់អានដ៏ជ្រាលជ្រៅរបស់សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកលើរូបខ្ញុំបាទ ដោយបានផ្តល់ឱកាសដ៏វិសេសវិសាលដល់រូបខ្ញុំ ក្នុងការរួមចំណែកបំពេញបេសកកម្ម បម្រើគណបក្សប្រជាជន និង បម្រើជាតិ មាតុភូមិ និងព្រះរាជបល្ល័ង្ក ដើម្បីរក្សាឱ្យបានដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចតេជោ អស់រយៈពេលជាង៤០ឆ្នាំកន្លងមក ជាពិសេសនយោបាយឈ្នះឈ្នះ ដែលនាំឱ្យប្រទេសជាតិមានសុខសន្តិភាព ឯកភាពជាតិពេញលេញ។
ខ្ញុំបាទ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមជួយប្រោះព្រំ ជូននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខបវរមហាប្រសើរជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រម ទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និង ភក្តីភាពដ៏ស្មោះបំផុតពីខ្ញុំបាទ»៕