(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការកើនឡើងនៃចំនួនសត្វផ្សោតទន្លេមេគង្គជាបន្តបន្ទាប់ បានជួយលើកមុខមាត់ប្រទេសកម្ពុជា ទាំងនៅក្នុងតំបន់និងនៅលើឆាកអន្ដរជាតិ។

ការបញ្ជាក់របស់លោកបែបនេះ បានធ្វើឡើងនាឱកាសដែលលោក ទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ​ជាមួយ លោក ចាប​ វិបុល​ នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា​ និងសហការី​ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

លោករដ្ឋមន្ត្រី​ បានសម្តែងការស្វាគមន៍​ និងក្តីសោមនស្សរីករាយនូវកិច្ចសហការជាមួយគ្នានាពេលកន្លងមក​ «ជាពិសេសការកើនឡើងនៃចំនួនសត្វផ្សោតទន្លេមេគង្គជាបន្តបន្ទាប់ ដែលជារតនសម្បត្តិរបស់ជាតិ។​ បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម នេះជាភាពជោគជ័យនៃកិច្ចសហការរវាងក្រសួងកសិកម្ម​ និងអង្គការ WWF ជួយលើកមុខមាត់ប្រទេសកម្ពុជា ទាំងនៅក្នុងតំបន់និងនៅលើឆាកអន្ដរជាតិ ​ក្នុងការថែរក្សា​សត្វផ្សោតទន្លេមេគង្គ»។

ទន្ទឹមនឹងនេះ​ លោក ឌិត ទីណា បានផ្តល់អនុសាសន៍ដល់អង្គការបន្តចូលរួមគាំទ្រក្នុងការងារព្រៃឈើ និងគិតគូរលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាសំខាន់​ ធ្វើយ៉ាងណាថ្លឹងថ្លែងតុល្យភាពរវាងការ​អភិរក្ស​ និងការអភិវឌ្ឍ​ឱ្យមាននិរន្តរភាព​។​ លោកបញ្ជាក់បន្ថែមថា សម្រាប់ក្រសួងកសិកម្ម អង្គការ WWF ជាដៃគូដ៏ល្អ​ ហើយក្រសួងនឹងបន្តសហការជាមួយអង្គការ WWF លើគម្រោងដែលមានស្រាប់​ និងជំរុញពិភាក្សាគម្រោងថ្មីៗបន្ថែមទៀត ឱ្យកាន់តែមានប្រសិទ្ធភាព​ និងប្រសិទ្ធផលខ្ពស់៕