(ភ្នំពេញ)៖ រូបភាពដ៏សាមញ្ញរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំប្រទេសចំនួន៤សន្លឹក «ជិះម៉ូតូលក់ការ៉េម និងទទួលទានការ៉េមយ៉ាងសាមញ្ញ» បាននឹង កំពុងទាក់ទាញយ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋ នៅលើបណ្តាញសង្គម Facebook ដែលទើបនឹងបង្ហោះនៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលនេះ បង្ហាញពីការស្គាល់នូវសុខទុក្ខ និងភាពសិទ្ធិស្នាលបំផុតជាមួយប្រជាពលរដ្ឋពីសំណាក់ជាអ្នកដឹកនាំប្រទេស។ ដោយសារភាពសមញ្ញ និងការយល់អំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ គឺធ្វើឲ្យប្រជាពលរដ្ឋកាន់តែកក់ក្តៅ គោរពស្រឡាញ់សម្តេចកាន់តែខ្លាំងឡើង ព្រោះសខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់សម្តេចផ្ទាល់។
ក្រៅពីរូបភាពសម្តេចតេជោ ក៏បានសរសេរខ្លឹមសារថា៖ «កាលពិម្សិលខ្ញុំបានទៅដល់ ពាមជាលាំង ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ព្រមទាំងបានទទួលទានការ៉េម យ៉ាងឆ្ងាញ់ពិសារ។ កុំភ្លេចការ៉េម សាលាបឋមសិក្សាពាមជាលាំង បើបងប្អូនបានទៅដល់ទីនោះ!»។
ប្រជាពលរដ្ឋបាន Comment ជាច្រើននៅលើរូបភាពថា៖ «មើលទៅសម្តេចជិះម៉ូតូលក់ការ៉ែមកី ដូចសប្បាយចិត្ត....ការស្គាល់នូវសុខទុក្ខរបស់ប្រជារាស្ត្រអ្នកក្រីក្រ ធ្វើឲ្យគេមើលឃើញថា សម្តេចនៅតែគិតគូរនៅតែយកចិត្តទុកដាក់ជានិច្ច ជាមួយអ្នកក្រ អ្នកតូចទាប...នេះគឺជាភាពខ្លាំងរបស់អ្នកដឹកនាំ....ប្រជារាស្ត្រនឹង គោរពស្រឡាញ់ហើយគាំទ្រសម្តេចជារៀងរហូត...គោរពជូនពរសម្តេចទាំងពីរសូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ដើម្បីជាភាពកក់ក្តៅ នៃប្រជារាស្ត្រខ្មែរ! ដោយគោរពបំផុត!»។
Comment ជាច្រើនបានសរសេរទៀតថា៖ «ក្មួយមានអារម្មណ៍សប្បាយចិត្តណាស់ដែលលោកអ៊ុយល់ទុកលំបាកប្រជាជន។ ភាពសាមញ្ញរបស់លោកពុក ធ្វើអោយប្រជាពលរដ្ឋទូទៅកាន់តែកាន់តែស្រលាញ់ចូលចិត្តលោកពុកទ្វេដង»។ «ទោះបីក្លាយជានាយករដ្ឋមន្ត្រីជាយូរមកហើយ ក៏សម្តេចចង់សាកចង់រំលឹក ឡើងវិញអំពីអតីតកាលរបស់ខ្លួន និងព្យាយាមសិក្សាស្វែងយល់អំពីការងាររបស់ប្រជាជនគ្រប់លំដាប់ថ្នាក់ ពិតជាមេដឹកនាំដែរប្រជាពលរដ្ឋត្រូវការ»។ល។....
សូមជំរាបថា ពីម្សិលមិញនៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីបើកការដ្ឋាន ស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូ និងចាក់បេតុង ជំហានទី២ ក្នុងខេត្តចំនួន១០ប្រវែងប្រមាណ១២០០គីឡូម៉ែត្រ ព្រមទំាងប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវជនបទក្រាលកៅស៊ូ២ជាន់ (DBST) ប្រវែង៥៤៣គីឡូម៉ែត្រ។ ដោយកម្មវិធីបើកការដ្ឋានស្ថាបនាផ្លូវនេះ ធ្វើឡើងនៅភូមិ-ឃុំកំពង់ទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បន្ទាប់ពីបញ្ចប់កម្មវិធីសម្តេចបានអញ្ជើញសាកសួរសុខទុក្ខប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងក្មួយសិស្សានុសិស្ស នៅសាលារៀនមួយកន្លែង ហើយក៏បានជិះម៉ូតូលក់ការ៉េម និងទទួលទានការ៉េមដ៏ឆ្ងាញ់ផងដែរ៕