(ភ្នំពេញ)៖ លោក គង់ មករា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ និងបក្ខពួកម្នាក់ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានី នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ដើម្បីសាកសួរករណីប្រព្រឹត្តអំពើពុករលួយលក់ទ្រព្យសម្បត្តិរដ្ឋ ។ មន្ត្រី ACU មិនធ្វើអត្ថាធិប្បាយជាមួយអ្នកសារព័ត៌មាននោះទេ ខណៈបញ្ជូនជនសង្ស័យទាំងពីរនាក់មកតុលាការ។
ព័ត៌មានច្បាស់ការណ៍បង្ហើបឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងស្ថិតក្រោមការសាកសួររបស់លោក ងិន ពេជ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជាមួយគ្នានេះ មន្រ្តីសាលាខេត្តព្រះវិហារម្នាក់បានលួចបង្ហើបថា ករណីនេះអាចជាប់ពាក់ព័ន្ធ ការលក់ដីមន្ទីរនៅក្នុងខេត្ត ប៉ុន្តែរឿងនេះដូចជាយូរហើយ តាំងពីក្រសួងមិនទាន់បំបែកនៅឡើយ។
សូមជំរាបថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានកោះហៅ លោក គង់ មករា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ មកសួរនាំកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ប៉ុន្តែនៅពេលនេះត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការតែម្តង។
ប៉ុន្តែទោះជាយ៉ាងណា Fresh News មិនទាន់អាចទាក់ទងសុំព័ត៌មាន បន្ថែមពីអង្គភាពប្រឆាំងអំពើពុករលួយបានភ្លាមៗនៅឡើយ៕