Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រយៈពេលមួយខែ បេក្ខជន និងសកម្មជនសរុប៦៧៤នាក់ របស់គណបក្សប្រឆាំងនៅខេត្តព្រៃវែង ប្រកាសផ្ដាច់ខ្លួន និងសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា 

22-04-2025 14:54

(ព្រៃវែង)៖ យោងតាមរបាយការណ៍ក្រុមការងារសម្រាប់សហការកសាងសមាជិកគណបក្សខេត្តព្រៃវែង បានឲ្យដឹងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ថា សកម្មជនគណបក្សនយោបាយផ្សេងៗគិតចាប់ពីថ្ងៃទី១០ ខែមីនា ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ មានសរុប៦៧៤នាក់ ក្នុងនោះស្ត្រី៣៩៤នាក់ បានបន្តប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងគោរពស្នើសម្តេចតេជោ ហ៊ុន សែន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

របាយការណ៍បានបញ្ជាក់ថា បេក្ខជនក្រុមប្រឹក្សា និងសកម្មជនដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារួមមាន៖

*ទី១៖ ស្រុកកញ្ជ្រៀច ១២២នាក់ (ស្រី៦៩នាក់)
*ទី២៖ ស្រុកពាមរក៍ ៥នាក់ (ស្រី២នាក់)
*ទី៣៖ ស្រុកពារាំង ៣៥នាក់ (ស្រី២០នាក់)
*ទី៤៖ ស្រុកព្រះស្តេច ១៤៨នាក់ (ស្រី៨៥នាក់)
*ទី៥៖ ស្រុកស្វាយអន្ទរ ១២៩នាក់ (ស្រី៧៦នាក់)
*ទី៦៖ ស្រុកស៊ីធរកណ្តាល ១០៥នាក់ (ស្រី៧៣នាក់)
*ទី៧៖ ស្រុកពោធិរៀង ៩នាក់ (ស្រី៧នាក់)
*ទី៨៖ ស្រុកមេសាង ១២១នាក់ (ស្រី៦២នាក់)។

ពួកគេបានប្រកាសឈប់មានទំនាក់ទំនងជាមួយបក្សប្រឆាំង បន្ទាប់ពីមើលឃើញថា សកម្មភាពនយោបាយរបស់បក្សប្រឆាំងមិនបានជួយអ្វីដល់ជាតិនោះឡើយ។ ទន្ទឹមនឹងការប្រកាសបញ្ឈប់ទំនាក់ទំនង ជាមួយបក្សប្រឆាំងហើយនោះ ពួកគេក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើសកម្មភាពនយោបាយជាមួយ បក្សប្រជាជនកម្ពុជាផងដែរ។

ពួកគេបានមើលឃើញច្បាស់ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោ បានប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឲ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

ពួកគេបានមើលឃើញទៀតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថេរភាពសង្គមដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ក៏បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឲ្យរុងរឿង៕