(ព្រះវិហារ)៖ មន្ត្រីការិយាល័យលូទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានរកឃើញខ្សាច់ចំនួន២០បេ នៅចំណុចលូបង្ហូរទឹកមួយកន្លែង ម្តុំសាលាសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ដែលជាមូលហេតុចម្បងធ្វើឱ្យស្ទះលូបង្ហូរទឹកមិនអាចហូរបានទាន់ពេលវេលា។ បញ្ហានេះបានបណ្ដាលឱ្យក្រុងព្រះវិហារ តែងជួបប្រទះការលិចលង់ជាប្រចាំនៅពេលមានភ្លៀងធ្លាក់ខ្លាំង ជាពិសេសនៅតាមបណ្ដោយ ផ្លូវម្លូព្រៃ ម្តុំសាលាសង្កាត់កំពង់ប្រណាក និងនៅជិតមន្ទីរព័ត៌មានខេត្ត។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ថា ការរកឃើញខ្សាច់ចំនួន២០បេ នៅចំណុចទីតាំងលូបង្ហូរទឹកខាងលើនេះ គឺដោយសារតែរដូវវស្សា ជិតចូលមកដល់ លោកបានណែនាំមន្ត្រីការិយាល័យលូទឹក ឱ្យចុះពិនិត្យ និងធ្វើការសម្អាតតាមទីតាំងលូបង្ហូរទឹកនីមួយៗឱ្យបានស្អាត ដើម្បីការពារការលិចលង់ផ្លូវដោយទឹកភ្លៀងនាររដូវវស្សា។
លោកប្រធានមន្ទីរថ្លែងបញ្ជាក់ទៀតថា ស្របពេលដែលមន្ត្រីលូទឹកកំពុងចុះពិនិត្យ និងសម្អាតតាមលូនានា ក៏បានជួបប្រទះនូវបេខ្សាច់ចំនួន២០បេ នៅចំណុចលូបង្ហូរទឹកម្តុំសាលាសង្កាត់កំពង់ប្រណាក ភ្លាមនោះលោកដឹកនាំមន្ត្រី ចុះពិនិត្យដល់ទីតាំងជាក់ស្តែង ក៏ឃើញបេខ្សាច់ជាច្រើននៅក្នុងលូទឹក ដូច្នេះហើយទើបធ្វើឱ្យទឹកមិនអាចហូរលឿនបាន ជាពិសេសនៅរដូវវស្សា រដូវភ្លៀងធ្លាក់ជោគជាំ តែងធ្វើឱ្យផ្លូវនៅតំបន់នេះតរងការលិចលង់ជាប្រចាំ។
ជាមួយគ្នានេះ លោកបានណែនាំមន្ត្រីការិយាល័យលូទឹក ឱ្យធ្វើសកម្មភាពចុះស្តារលូ និងយកបេខ្សាច់ចេញ ដើម្បីឱ្យទឹកអាចហូរវិញបានជាធម្មតា។ លោកប្រធានមន្ទីរ បានថ្លែងអំពាវនាវយ៉ាងទទូចបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការជាមួយអាជ្ញាធរដែនដី ក្នុងការរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរ ពិសេសកុំទុកដាក់សំរាមនៅមាត់លូបង្ហូរទឹក កុំចាក់ដីខ្ពស់ជាងផ្លូវ កុំលុបអូរ លុបប្រឡាយទឹក និងកុំយកដីចំណីផ្លូវធ្វើអាជីវកម្មផ្សេងៗ៕