(ភ្នំពេញ)៖ នៅក្នុងសប្ដាហ៍នេះ លោកស្រី Catherine West MP រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានមកទស្សនកិច្ចនៅកម្ពុជា ដើម្បីសហការគ្នាជំរុញគំនិតផ្តួចផ្តើមអាកាសធាតុ និងលើកកម្ពស់ការអភិរឌ្ឍប្រកបដោយចីរភាព។
នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ លោកស្រី Catherine West MP បន្ដទស្សនកិច្ចទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខេត្តកណ្តាល ដែលជាកន្លែងស្ថាបត្យកម្មអង់គ្លេស ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិតចំពោះការរចនាព្រលានយន្តហោះបៃតង។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីរដ្ឋមន្ត្រី ជួបជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីជាន់ខ្ពស់មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា ក្នុងគោលបំណងពិភាក្សាគ្របដណ្តប់លើការពង្រីកឱកាសពាណិជ្ជកម្ម ការជំរុញគំនិតផ្តួចផ្តើមអាកាសធាតុ ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការពង្រឹងសន្តិសុខក្នុងតំបន់។
រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោកស្រី Catherine West MP លើកឡើងថា «ដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោថ្ងៃនេះ ក៏ជាសក្ខីភាពនៃភាពជាដៃគូដ៏ទំនើបរបស់ចក្រភពអង់គ្លេស-កម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយភាពច្នៃប្រឌិត និងបៃតង សាកសមសម្រាប់អនាគតរបស់កម្ពុជា ដែលរចនាឡើងដោយធុរកិច្ចអង់គ្លេស ដែលជាសមិទ្ធផលដែលមិននឹកស្មានដល់កាលពីសាមសិបឆ្នាំមុន»។
លោកស្រី Catherine West MP បានបន្តថា ទំនាក់ទំនងរបស់កម្ពុជា-អង់គ្លេសទៅឆ្ងាយលើសពីហេដ្ឋារចនាសម្ព័ន្ធមួយនេះ ប៉ុន្តែបាននាំយកវីធីសាស្រ្តភាពជាដៃគូដូចគ្នា ទៅនឹងអ្វីគ្រប់យ៉ាងដែលយើងធ្វើ មិនថាការបង្កើនពាណិជ្ជកម្ម ដើម្បីបង្កើតការងារ ការពារអាកាសធាតុ និងធម្មជាតិរបស់យើង ឬបង្កើនលទ្ធភាពទទួលបានការអប់រំ។
ជាមួយគ្នានេះ លោក Krzysztof Szymanski, Associate Partner Foster and Partners បានលើកឡើងថា «យើងពិតជាមានមោទនភាព និងមានកិត្តិយសយ៉ាងជ្រាលជ្រៅ ក្នុងការដឹកនាំការរចនាអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាគម្រោងដែលនឹងក្លាយជាអាកាសយានដ្ឋាន បៃតងធំបំផុតមួយក្នុងចំណោមអាកាសយានដ្ឋានបៃតងផ្សេងទៀតក្នុងពិភពលោក»។
លោកបន្តថា អាកាសយានដ្ឋាននេះផ្តល់នូវចក្ខុវិស័យផ្លាស់ប្តូរសម្រាប់រាជធានីភ្នំពេញ ដោយគួរយ៉ាងស៊ីជម្រៅពីបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជា និងឆ្លើយតបយ៉ាងម្មត់ចត់ចំពោះអាកាសធាតុត្រូពិច។ ដោយការរួមបញ្ចូលបច្ចេកវិទ្យាចុងក្រោយបង្អស់ជាមួយនិងសិប្បកម្មក្នុងស្រុក យើងប្តេជ្ញាបង្កើតហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព។
បើតាមកាលើកឡើងរបស់ លោក Krzysztof Szymanski, Associate Partner Foster and Partners គម្រោងនេះមិនត្រឹមតែបង្កើតច្រកផ្លូវថ្មីមួយទៅកាន់ទីក្រុង និងប្រទេសកម្ពុជាលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជានៅលើឆាកពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់នូវស្តង់ដារថ្មីសម្រាប់ ការរចនាព្រលានយន្តហោះប្រកបដោយនិរន្តរភាពផងដែរ។ វាគឺជាឯកសិទ្ធិមួយក្នុងការរួម ចំណែកដល់កិច្ចខិតខំប្រឹងប្រែងដ៏សំខាន់មួយនេះ ដែលនឹងរៀបចំអនាគតនៃរាជធានីរបស់កម្ពុជា។
ជាមួយគ្នានេះ លោកស្រីរដ្ឋមន្ត្រី West នឹងចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ ដែលបង្ហាញពីការប្តេជ្ញាចិត្តចំពោះដៃគូក្នុងការជំរុញកំណើនសេដ្ឋកិច្ចទៅវិញទៅមក រួមទាំងការគាំទ្រសម្រាប់ការអភិវឌ្ឍន៍តំបន់ សេដ្ឋកិច្ចពិសេសបៃតងផងដែរ។
នៅក្នុងន័យនេះ គំនិតផ្តួចផ្តើមដូចជាកម្មវិធីភាពជាដៃគូពាណិជ្ជកម្ម និងគ្រោងការណ៍ពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ក៏ជាគន្លឹះក្នុងការពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ និងឱកាសរីកចម្រើនសម្រាប់ប្រទេសទាំងពីរផងដែរ។
សូមជម្រាបថា លោកស្រីរដ្ឋមន្ត្រី នឹងជួបជាមួយសភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា ដើម្បីពិភាក្សាអំពីរបៀបដែល ធុរកិច្ចចក្រភពអង់គ្លេសកំពុងទាញយកអត្ថប្រយោជន៍ពី គោលនយោបាយទាំងនេះ ដើម្បីពង្រីកកិច្ច សហប្រតិបត្តិការជាមួយដៃគូកម្ពុជាក្នុងវិស័យសំខាន់ៗ រួមមានការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងសេរវាកម្មហិរញ្ញវត្ថុ។
បន្ថែមពីនេះ លោកស្រីរដ្ឋមន្ត្រី West នឹងធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ De Montfort ក្នុងប្រទេសកម្ពុជា ដែលជាសាកវិទ្យាល័យដំបូងគេរបស់ចក្រភពអង់គ្លេសក្នុងប្រទេស ដើម្បីពិភាក្សាអំពីតួនាទីរបស់ចក្រភពអង់គ្លេសក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថានជាសាកល និងបង្ហាញពីរបៀបដែលកម្មវិធីរបស់ចក្រភពអង់គ្លេស ដូចជា Biodiverse Landscape Fund កំពុងផ្តល់អំណាចដល់សហគមន៍មូលដ្ឋាន រួមទាំងក្រុមដែលងាយរងគ្រោះ ដើម្បីបង្កើតឡើងវិញ និងអភិរក្សបរិស្ថានក្នុងតំបន់ និងលើកកម្ពស់ជីវភាពរស់នៅ។
ជាពិសេស ដំណើរទស្សនកិច្ចនេះ បានលើកឡើងពីកង្វល់ផ្នែកសន្តិសុខរួម រួមទាំងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលមានការរៀបចំយ៉ាងធ្ងន់ធ្ងរ និងការជួញដូរមនុស្ស ការដោះស្រាយការក្លែងបន្លំ និង មជ្ឈមណ្ឌលឆបោកតាមប្រពន្ធ័អនឡាញ និងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការការពារជាតិនាពេលអនាគត៕