(ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នឹងបន្តវិធានការដោយម៉ឺងម៉ាត់បំផុត ក្នុងការការពារធនធានធម្មជាតិ ទាំងដីព្រៃ និងត្រីក្នុងបឹងទន្លេសាប។

ក្នុងឱកាសអញ្ជើញសម្ពោធ​ដាក់ឲ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ​ដំឡើង​គ្រឿង​បង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ក្នុងខេត្តពោធិ៍សាត់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងប្រដាប់អាវុធ និងកងទ័ពគ្រប់ប្រភេទដែលបានចូលរួមទប់ស្កាត់ដល់អ្នកកាប់ទន្ទ្រានដី និងនេសាទខុសច្បាប់ផងដែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «យើងត្រូវខិតខំប្រឹងប្រែងទប់ស្កាត់ ការទន្ទ្រានធនធានធម្មជាតិដោយខុសច្បាប់ បើសិនជាចូលមកកាន់បំផ្លាញធនធានដោយគ្មានគោលការណ៍ច្បាស់លាស់ត្រូវអនុវត្តច្បាប់ ព្រោះរដ្ឋមានកាតព្វកិច្ចការពារផលប្រយោជន៍រួម [...] ខ្ញុំសូមអរគុណណាស់ចំពោះ កងកម្លាំងប្រដាប់អាវុធ កងទ័ពដែលបានចូលរួមនគរបាល បូកជាមួយអាវុធហត្ថចូលរួមនៅក្នុងការគ្រប់គ្រង ហើយខ្ញុំសុំមើលឲ្យច្បាស់បញ្ជាក់ឲ្យច្បាស់រវាងប្រជានេសាទ ជាមួយអ្នកធ្វើខុសច្បាប់»

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្រោយសភាចូលកងវិញ នឹងអនុម័តច្បាប់ថ្មីដែលទាក់ទងការនេសាទ ដោយគុណអួនស្របច្បាប់ ៣ទៅ៤ដងនៃអួនបច្ចុប្បន្នដែលមានប្រវែង៥០ម៉ែត្រ ដើម្បីបង្កភាពងាយស្រួលដល់ប្រជានេសាទ។ ទន្ទឹមនេះ កងកម្លាំងប្រដាប់អាវុធត្រូវពិនិត្យឲ្យបានច្បាស់ រវាងប្រជានេសាទ និងអ្នកនេសាទខុសច្បាប់។

សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត បានស្នើដល់អ្នកបើកអាជីវកម្មនេសាទធំៗ ត្រូវស្នើសុំច្បាប់ឲ្យបានត្រឹមត្រូវ និងរៀបចំកន្លែងឲ្យបានច្បាស់លាស់ ចៀសវាងផលប៉ះពាល់ ដល់ប្រជានេសាទតូចៗ ដែលប្រកបមុខរបរចិញ្ចឹមជីវិតនៅតាមដងទន្លេ។ លើសពីនេះ សម្ដេចបានស្នើដល់អ្នកនេសាទត្រូវចូលរួមសហការគ្នា ចែករំលែកគ្នា និងចូលរួមទប់ស្កាត់រាល់សកម្មភាពខុសច្បាប់ ការឆក់ ឬមួយការបង់សំណាញ់ក្រឡាល្អិតដែលធ្វើឲ្យមច្ឆាជាតិដាច់ពូជ៕