(ពោធិ៍សាត់)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានថ្លែងថារដ្ឋាភិបាលលើកទឹកចិត្តវិនិយោគិនបរទេសមកផលិតគ្រឿងបង្គុំរថយន្តនៅកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ ហើយអាចមានលទ្ធភាពទិញរថយន្តថ្មីក្នុងតម្លៃសមរម្យ។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ​ដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។

ថ្លែងទៅកាន់អង្គពិធី សម្ដេចបវរធិបតី បានមានប្រសាសន៍ថា ការធានាបាននូវស្ថេរភាពនយោបាយរបស់រដ្ឋាភិបាលជូនដល់វិនិយោគិន គឺបង្ហាញពីភាពប្រាកដប្រជា ហើយរាជរដ្ឋាភិបាលកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិ ខិតខំធ្វើយ៉ាងណាលើកទឹកចិត្តការវិនិយោគឱ្យកាន់តែមានភាពល្អប្រសើរ ដើម្បីទាក់ទាញអ្នកវិនិយោគកាន់តែច្រើន ហើយអ្នកវិនិយោគនៅនឹងកន្លែងកាន់តែរីកចម្រើន។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះថា៖ «នៅប្រទេសមួយចំនួន កំពុងតែចាប់ផ្ដើមធ្វើស្រាប់តែរឹងបន្ដឹង ធ្វើឱ្យវិនិយោគិនចាកចេញ អ្នក business គឺដឹងហើយ ប្រទេសខ្លះប្រទេសធំក៏ដោយ ប៉ុន្តែនៅកម្ពុជាយើងធានាបាននូវស្ថេរភាព ហើយពីមួយអាណត្តិទៅមួយអាណត្តិយើងគិតពីខិតខំធ្វើយ៉ាងណា ដើម្បីកែទម្រង់ សម្រួលឱ្យកាន់តែល្អប្រសើរ កាត់បន្ថយនូវកាតព្វកិច្ច គេហៅលក្ខខណ្ឌផ្សេងៗជាច្រើន សម្រួលនីតិវិធីជាច្រើន ដើម្បីឱ្យកាន់តែធូរ។ សូម្បីតែពន្ធនៅក្នុងវិស័យនេះ យើងក៏បានផ្ដល់គោលការណ៍អនុគ្រោះច្រើនណាស់..»

ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថាការកែទម្រង់នានា សម្រួលដល់វិនិយោគិនគឺផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ ក្នុងនោះក្រុមហ៊ុនបានផ្ដល់ការងារជូនប្រជាពលរដ្ឋរបស់យើង តួយ៉ាងដូចក្រុមហ៊ុន Ford ពីបុគ្គលិក ១៦០នាក់ ឡើងមកជាង៤០០នាក់ ដែលនេះមានន័យថាជាការគិតគូរដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងបន្កឱ្យមាននូវចរន្តសេដ្ឋកិច្ចវិលជុំបន្ថែមទៀត។

បន្ថែមពីនេះ សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការដាក់ពន្ធ ការលើកលែងពន្ធ ការបន្ធូរបន្ថយពន្ធ ការលើកទឹកចិត្តក្នុងកម្រិតណាមួយ ក៏បានជួយសម្រួលដល់ការផលិតនៅក្នុងស្រុក ដើម្បីប្រជាពលរដ្ឋរបស់យើងមានលទ្ធភាពទិញឡានថ្មីក្នុងតម្លៃសមរម្យ ដោយមានលក្ខណៈស្ដង់ដារអន្តរជាតិ ដែលផ្ដល់ជាជម្រើសបន្ថែមទៀតជូនប្រជាពលរដ្ឋ៕