(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ​ដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយ ដោយ​បាន​ចូលរួមក្នុង «ពិធីសម្ភោធដាក់ឱ្យដំណើរការ ខ្សែច្រវាក់ផលិត​កម្ម​ថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)»។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រីកខ្សែច្រវាក់ផលិតកម្មថ្មីរបស់ក្រុមហ៊ុន Ford Motor របស់អាមេរិក នៅលើទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាមោទនភាពមួយបន្ថែមទៀត សម្រាប់ពលរដ្ឋមូលដ្ឋាននៅទីនេះ ក៏ដូចជាប្រជាជននៅទូទាំងប្រទេសក្នុងការទទួលបានវត្តមានថ្មី បន្ថែមរបស់ឧស្សាហកម្មធុនធ្ងន់ទំនើប ដែលបាននិងកំពុងចូលរួមបង្កើនឱកាសការងារ, កំណើនបៀវត្ស, ការអភិវឌ្ឍធនធានមនុស្ស និងការផ្ទេរបច្ចេកវិទ្យា ក្នុងការអនុវត្តការងារផ្ទាល់ នៅក្នុងខ្សែច្រវាក់ផលិតកម្ម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញមោទនភាព និងវាយតម្លៃខ្ពស់ចំពោះគ្រប់ភាគីពាក់ព័ន្ធ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា, ជាពិសេសចំពោះក្រុម​ហ៊ុន​អន្តរជាតិ RMA Group ជាក្រុមហ៊ុននាំមុខមួយក្នុងការផ្គត់​ផ្គង់​ផលិតផល និងសេវា ជូនដល់ប្រជាពលរដ្ឋកម្ពុជា និងក្រុមហ៊ុន Ford Motor Company ជាក្រុមហ៊ុនដ៏ធំរបស់អាមេរិក ដែល​បាន​ផ្តល់ទំនុកចិត្ត និងជ្រើសរើសប្រទេសកម្ពុជា ជាទីតាំងវិនិយោគ​របស់​ខ្លួន ដើម្បីចែកចាយនៅលើទីផ្សារក្នុងស្រុក ប្រកបដោយសក្តានុពល យោងទៅលើស្ថានភាពនៃការអភិវឌ្ឍរីកចម្រើន និងកំណើនជីវភាព ជាបន្តបន្ទាប់របស់ប្រជាពលរដ្ឋកម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានជួបជាមួយប្រធានក្រុមហ៊ុន RMA តាំងពីនៅជាមេទ័ពជើងគោកម្ល៉េះ។ កាលនោះ សម្តេចបានជួយសម្របសម្រួលលើកិច្ចការមួយចំនួន ដើម្បីឱ្យក្រុមហ៊ុនអាចបើករោងចក្រដំឡើងរថយន្តនៅកម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវិនិយោគរបស់ក្រុមហ៊ុននីមួយៗ គឺមិនងាយស្រួលទេ បើគ្មានការយកចិត្តទុកដាក់ និងជួយគាំទ្រពីរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធទេនោះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេលជិត៣ឆ្នាំ រោងចក្រដំឡើងរថយន្ត Ford បានវិវឌ្ឍន៍ពីមានកម្មករនិយោជិតត្រឹម១៦០នាក់ ប្រាក់ឈ្នួលត្រឹមជាង ២០០ដុល្លារ ទៅ៦០០ដុល្លារ កើតដល់មានកម្មករ និយោជិតដល់ ៤០៤នាក់ ទទួលបានប្រាក់ឈ្នួលចន្លោះពី ៣២០ដុល្លារ ទៅ៨០០ដុល្លារ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការវិវឌ្ឍន៍នេះ ស្តែងឱ្យឃើញពីស្ថានភាពដ៏ល្អប្រសើរលើវិស័យការងារ និងស្ថានភាពសង្គមកម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពី៩០ជាង កម្ពុជានាំចូលទាំងអស់ តែបច្ចុប្បន្នមានផលិតផលជាច្រើនផលិតដោយកម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជារឿងពោរពេញដោយមោទនភាព ដែលលើតួម៉ាស៊ីនរបស់រថយន្ត Ford ត្រូវបានអនុញ្ញាត និងទទួលស្គាល់លើការវាយផ្លាកលេខថា ផលិតនៅកម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់ការវិនិយោគ​របស់ក្រុមហ៊ុនបរទេសនៅកម្ពុជា មិនមែនជាការកេងចំណេញ​នោះទេ គឺជាការធ្វើពាណិជ្ជកម្មដោយសមភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណើនវិនិយោគនៅកម្ពុជា ដោយសារបរិយាកាសវិនិយោគនៅកម្ពុជាមានភាពល្អប្រសើរ ហើយកែលំអជាប់ជាប្រចាំ ជាពិសេសកម្ពុជារក្សាបានស្ថេរភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវិនិយោគរបស់បរទេសផលប្រយោជន៍មុនគេ គឺការបង្កើតការងារ, ពលរដ្ឋមានលទ្ធភាពទិញរថយន្តថ្មីតម្លៃសមរម្យ ហើយជួយកាត់បន្ថយការនាំរថយន្តចាស់ចូលពីក្រៅប្រទេស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលថាជាអ្នកបានប្រឹងប្រែងទម្លុះបញ្ហានានានាំឱ្យមានតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ទៅថ្ងៃមុខក្រុមហ៊ុននៅកម្ពុជា ខិតខំផលិតគ្រឿងបង្គុំនៅកម្ពុជាឱ្យបានច្រើន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញនយោបាយ លើកទឹកចិត្តដល់អ្នកវិនិយោគបរទេសឱ្យមកផលិតគ្រឿងបង្គុំនៅកម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នកម្ពុជាមានរោងចក្រដំឡើងរថយន្តចំនួន៩។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាប្រើជំហានគីង្គក់ តែកម្ពុជាដើរទៅមុខជានិច្ច។ មិនធ្វើត្រឹមតែផ្នែកកសិកម្មប៉ុណ្ណោះទេ បច្ចុប្បន្នក៏អាចដំឡើងរថយន្តបានផងដែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនប្រកែកនឹងការអញ្ជើញទៅសម្ពោធសមិទ្ធផលនានារបស់វិស័យឯកជននោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល​បានធ្វើរឿងច្រើនណាស់ ដើម្បីជំរុញភាពរីកចម្រើននៅខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់។ ដំបូងបំផុត គឺការធ្វើឱ្យមានសុខសន្តិភាព និងការសាងសង់ផ្លូវជាតិជាច្រើនខ្សែ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសង់ផ្លូវដែកភ្ជាប់មកកាន់តំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកក្រគរ ដើម្បីសម្រួលដល់ការដឹកជញ្ជូន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរក្សាបានសុខសន្តិភាព ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ធ្វើឱ្យខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ មិនមែនជាខេត្តដែលគេទៅហួស មកហួសទៀតនោះឡើយ គឺក្លាយជាខេត្តមានឧស្សាហកម្មច្រើន កន្លែងទេសចរណ៍ច្រើន និងមានមូលដ្ឋានការងារច្រើន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យមានការពិចារណា​សម្រាប់ការវិនិយោគលើការដំឡើង និងផលិតរថយន្តនៅក្នុងស្រុក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើក្រុមហ៊ុនរថយន្ត Ford លក់តម្លៃធូរថ្លៃជាងគេ នោះរដ្ឋនឹងទិញរថយន្ត Ford ទៅប្រើប្រាស់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រុមហ៊ុនផលិត និងដំឡើងរថយន្តនៅក្នុងស្រុក ផលិតរថយន្តក្នុងតម្លៃសមរម្យ ដើម្បីពលរដ្ឋមានលទ្ធភាពកាន់តែច្រើនក្នុងការទិញរថយន្តប្រើប្រាស់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងរ៉ែ និងថាមពល សង់ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមផ្លូវជាតិឱ្យបានច្រើន ហើយគិតគូរឱ្យបានខ្ពស់ពីសុវត្ថិភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងរ៉ែ និង ថាមពល សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិចារណាកែសម្រួលលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការផ្គត់ផ្គង់ថាមពលអគ្គិសនីស្របតាមស្តង់ដា Clean Energy ដើម្បីបំពេញលក្ខខណ្ឌតម្រូវក្នុងការនាំចេញទំនិញ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីបម្រើដល់កិច្ចអភិវឌ្ឍន៍ មិនអាចចៀសផុតពីការប្រើប្រាស់ធនធានធម្មជាតិ​ដូចជាការប្រើខ្សាច់ និងថ្មភ្នំជាដើម។ ប៉ុន្តែត្រូវតែគ្រប់គ្រង និងកំណត់ការប្រើប្រាស់ឱ្យបានច្បាស់លាស់ ដើម្បីធានាបានការអភិវឌ្ឍដោយចីរភាព។

* សម្តេចមហាបវរ ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងអនុវត្តន៍ដោយម៉ឺងម៉ាត់បំផុត ក្នុងកិច្ចការពារធនធានធម្មជាតិ រួមទាំងដីព្រៃ និងត្រីក្នុងបឹងទន្លេសាប។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបពីការធ្វើច្បាប់ឡើងវិញ ពាក់ព័ន្ធការប្រើប្រាស់ឧបករណ៍នេសាទ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងព្រមានដល់ក្រុមជនល្មើសនេសាទលើផ្ទៃបឹងទន្លេសាប កុំប្រើហិង្សាលើកងកម្លាំងដែលចុះបង្ក្រាប។ សម្រាប់ជនល្មើសប្រើហិង្សាលើកងកម្លាំង សម្តេចអនុញ្ញាតឱ្យប្រើវិធានការការពារខ្លួន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរួមគ្នាការពារធនធានមច្ឆជាតិ ដោយបញ្ឈប់ការនេសាទល្មើសច្បាប់។ មានត្រីច្រើន តម្លៃថោក ប្រសើរជាងអត់មានត្រី ហើយត្រីថ្លៃ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់វិនិយោគិន ជ្រើសរើសយកកម្ពុជា ជាគោលដៅ សម្រាប់ការវិនិយោគ ដោយសារកម្ពុជាមានផលលាភសុខសន្តិភាព ស្ថិរភាព នយោបាយ និងម៉ាក្រូសេដ្ឋកិច្ច និង ផលលាភប្រជាសាស្ត្រ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សរសើរគុណភាពរថយន្ត Ford Ranger Wildtrak Truck ដែលសម្តេចធ្លាប់ប្រើ។ សម្តេចបានបញ្ជាក់ថា កម្ពុជា មិនមានគោលការណ៍ប្រើតែរថយន្តមកពីប្រទេសនេះ ឬប្រទេសនោះ នោះឡើយ។ កម្ពុជា ប្រើទាំងអស់រថយន្តរបស់ប្រទេសណាក៏ដោយ។ កម្ពុជា ត្រូវការទាំងសាច់គោ ស្ពៃ ត្រី បន្លៃផ្លែឈើ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បងប្អូនខ្មែរយើងបើទិញឡាន គឺចង់ទិញឡាន ដែលមានក្រុមហ៊ុននៅក្នុងស្រុក ព្រោះងាយស្រួលផ្លាស់ប្តូរគ្រឿងបន្លាស់ និងសេវាកម្មផងដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ១០៖០៥នាទី នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕