(ពោធិ៍សាត់)៖ ពិធីស្រង់ព្រះ នៅតាមវត្តអារាម គេច្រើនតែធ្វើឡើងនៅថ្ងៃទី៣ ដែលជាថ្ងៃឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប៉ុន្តែសម្រាប់វត្តបាកាន ដែលជាវត្តមួយ មានបារមីព្រះអង្គបែរព្រះភក្តទៅទិសខាងលិច តែងតែប្រារព្ធពិធីនេះ ក្រោយគេជារៀងរាល់ឆ្នាំ ដោយបង្កភាពសប្បាយរីករាយ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋក្នុងខេត្ត ក្រៅខេត្ត និងភ្ញៀវទេសចរមកពីគ្រប់ទិសទី ចូលរួមរាប់ម៉ឺននាក់។

ជាក់ស្ដែងរសៀលនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ វត្តបាកាន ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន និងលោក ទី ថានី អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកបាកាន រួមជាមួយគណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានរៀបចំពិធីស្រង់ព្រះ ស្រោចសុគន្ធវារី ដល់ព្រះភិក្ខុសង្ឃ និងពិធីបុណ្យឆ្លងចូលឆ្នាំថ្មី ប្រពៃណីយជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៨ ទៅតាមទំនៀមទម្លាប់របស់ដូនតាយើង តាំងពីដើមមក ដោយមានការសំដែងរបាំជូនពរ របាំត្រុដិ ការប្រើប្រាស់រថយន្តបាញ់ទឹកជាច្រើនគ្រឿង ស្រោចស្រពទៅលើភ្ញៀវទេសចរ ពុទ្ធបរិស័ទជិតឆ្ងាយ ដែលមកលេងកំសាន្តយ៉ាងត្រជាក់ត្រជុំ។

បើតាមព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន មានសង្ឃដិកាថា ពិធីស្រង់ព្រះ ស្រោចសុគន្ធវារី ដល់ព្រះភិក្ខុសង្ឃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី គេតែងធ្វើឡើង មិនកំណត់ពេលវេលាជាក់លាក់នោះទេ គ្រាន់តែមិនឱ្យហួសយូរខែប៉ុណ្ណោះ។ ក្រោយចូលឆ្នាំ វត្តខ្លះធ្វើមុន វត្តខ្លះធ្វើក្រោយ គឺអាស្រ័យទៅតាមការពិភាក្សា រវាងគណៈកម្មការ អាចារ្យវត្ត និងអាជ្ញាធរមូលដ្ឋាន ក្នុងការកំណត់ពេលវេលា។ ប្រជាពុទ្ធបរិស័ទ ធ្វើពិធីនេះ ដោយមានទឹកលាយជាមួយផ្កាភ្ញីទឹកអប់ ដើម្បីស្រោចស្រពលើរូបបដិមា ព្រះសង្ឃ ឬអ្នកមានគុណ និងអ្នកដែលមានឋានៈខ្ពង់ខ្ពស់ជាងគេ ដែលបានស្រោចស្របទឹក ងូតទឹកដុះក្អែល លាបប្រេងម្សៅជូន គឺទទួលបានផល្លាអនុសង្ឃ សម្រាប់អនាគត ជាតិនេះ បានទៅកាន់ឋានទេវលោក គឺបានសេចក្តីសុខគ្រប់បែបយ៉ាង។

ព្រះតេជគុណ មានសង្ឃដិកាបន្ថែមថា ដោយសារមានជំនឿទំនៀមទម្លាប់ដូនតាយើង ដូច្នេះហើយទើបបានជាប្រពៃណីបន្តមករហូតមកដល់សព្វថ្ងៃនេះ ពោលគឺបញ្ចប់វិធីបុណ្យចូលឆ្នាំថ្មីម្ដងៗ គេតែងធ្វើពិធីស្រង់ទឹកព្រះពុទ្ធរូប ព្រះសង្ឃ មាតាបិតា ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ នៅតាមទីវត្តអារាម និងភូមិស្រុកនានា មិនដែលអាក់ខានឡើយ។ បើទោះបីជាយ៉ាងណា ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ អាចដំណើរការទៅបាន បងប្អូនប្រជាពលរដ្ឋអាចដើរលេងកម្សាន្តគ្រប់ទីកន្លែង គ្រប់ច្រកល្ហក គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមម្លប់ដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានព្រឹទ្ធសភានៃកម្ពុជា និងបន្តវេនដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គួររំលឹកថា វត្តបាកានជាវត្តមួយ ដែលស្ថិតនៅប៉ែកបច្ចឹមនៃខេត្តពោធិ៍សាត់ បើចេញដំណើរពីពោធិ៍សាត់ទៅ មានចម្ងាយប្រហែល១៩គីឡូម៉ែត្រ។ ពីអតីតកាល វត្តនេះគេហៅថាវត្តបានការ ហេតុដែលគេហៅបែបនេះ មកពីប្រជាជន តែងបន់ស្រន់ពេលណា តែងទទួលបានជោគជ័យពេលនោះ។ វត្តនេះមានព្រះវិហារមួយ ដែលមានព្រះពុទ្ធរូបបែរមុខទៅទិសខាងលិច ហើយមានប្រាសាទតូចមួយនៅខាងកើតព្រះវិហារ ប្រាសាទនេះសង់ពីថ្មបាយក្រៀមលាយឡំដោយថ្មភួក។

វត្តបាកាន គឺជាវត្តល្បីមួយ ដែលមានប្រជាប្រិយបំផុត ទោះបីក្នុងកម្មវិធីណាក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋ តែងតែមកចូលរួមបន់ស្រន់ លេងកម្សាន្ត ដោយសារតែពួកគាត់មានជំនឿ និងមានទំនៀមទម្លាប់ពីដូនតាមក។ ដូច្នេះហើយទើប ក្នុងពិធីសង្ក្រាន្តវត្តបាកាន ឆ្នាំ២០២៥ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋរាប់ម៉ឺនរាប់សែននាក់ បានមកចូលរួមអបអរសាទរ ដែលរៀបចំដោយ ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកបាកាន និងរដ្ឋបាលស្រុកបាកាន ជាពិសេសក្នុងថ្ងៃឆ្លងឆ្នាំថ្មី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ក៏មានភ្ញៀវក្រាស់ក្រែលដែរ៕