(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ បានធ្វើពិធីប្រកាសតែងតាំងលោក ហ៊ត មនោ ជាអភិបាលរងក្រុងដូនកែវ ជំនួសលោក នួន សំណាង ដែលត្រូវផ្ទេភារកិច្ចទៅធ្វើជា អភិបាលរងស្រុកបុរីជលសារ។ ពិធីប្រកាសតែងតាំងនេះធ្វើឡើងនៅសាលាក្រុងដូនកែវ ក្រោមអធិបតីភាពលោក ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវ តំណាងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ។

ថ្លែងក្នុងឱកាសនោះ លោក ញ៉ែម ស្រស់ បានធ្វើការណែនាំឲ្យ លោក ហ៊ត មនោ ដែលត្រូវបានប្រកាសតែងតាំងជាអភិបាលក្រុងដូនកែវថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ សហការឲ្យបានល្អជាមួយ មន្ទីរពាក់ព័ន្ធ សង្កាត់ទាំង៣ និងសង្គមស៊ីវិល ដោយអនុវត្តការងារដោយឈលើស្មារតីទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ។

សូមជម្រាបថា យោងតាមសេចក្កីប្រកាសតែងតាំង និងផ្ទេភារកិច្ចរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេភារកិច្ចលោក ហ៊ត មនោ ពីអភិបាលរងស្រុកត្រាំកក់ ឲ្យមកកាន់តំណែងជាអភិបាលរងក្រុងដូនកែវ និងប្រកាសផ្ទេភារកិច្ចលោក នួន សំណាង អភិបាលរងក្រុងដូនកែវ ឲ្យទៅទទួលតំណែងជាអភិបាលរងស្រុកបុរីជលសារ៕