(ត្បូងឃ្មុំ)៖ ឆ្លៀតក្នុងពេលអញ្ជើញជាអធិបតី បើកការដ្ឋានស្ថាបនាផ្លូវ ជនបទក្រាលកៅស៊ូ និងបេតុងជំហានទី២ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏បានពិនិត្យស្ថានភាពអគារសិក្សា នៅក្នុងសាលាជាច្រើន ថែមទាំងបានចាត់ចែង និងសម្រេចផ្តល់អគារសិក្សា អគារទីចាត់ការសរុប ៨ខ្នង ស្មើ ១២១បន្ទប់ ដើម្បីបម្រើដល់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋនៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
សាលាដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់អគារសិក្សាជូននោះរួមមាន៖
១៖ សាលាបឋមសិក្សា និងអនុវិទ្យាល័យកំពង់ទ្រា ផ្តល់ អាគារសិក្សាថ្មី ២ខ្នង ១ខ្នងកំពស់ ៣ជាន់ ២១បន្ទប់ ស្មើនឹង ៤២ រួមទាំងទីចាត់ការ ១ខ្នង ស្មើនឹង ៣បន្ទប់ ហើយបានចាត់ចែងឲ្យដំឡើងកម្រិតសាលាទៅជាវិទ្យាល័យផងដែរ។
២៖ វិទ្យាល័យ ហ៊ុន សែន ពាមជីលាំង ស្ថិតចម្ងាយប្រមាណ ៤គីឡូម៉ែត្រ ពីសាលាកំពង់ទ្រា បានផ្តល់អគារសិក្សាថ្មី ១ខ្នង កំពស់៣ ជាន់ស្មើនិង ៣០បន្ទប់ អគារស្នាក់នៅគ្រូ ១ខ្នងកំពស់ ២ជាន់ ស្មើនិង ១០បន្ទប់ និងជួសជុលអគារចាស់ឡើងវិញ ហើយរៀបចំតារាងបាល់ទះ បាល់ទាត់ និងបាល់បោះ ព្រមទាំងចាក់ផ្លូវបេតុងចូលសាលា ធ្វើរបងព័ទ្ឋជុំវិញនិងផ្តល់ជូន ម៉ាស៊ីនកុំព្យួទ័រ ២គ្រឿង ម៉ាស៊ីន Copy ១គ្រឿង និងម៉ាស៊ីន Printer ២គ្រឿង។
៣៖ សាលាបថមសិក្សាពាមជីលាំង សម្តេចផ្តល់អគារសិក្សា ២ខ្នងពីរជាន់ស្មើ ៣២បន្ទប់ និង ១ខ្នងទៀតមាន ៤បន្ទប់សម្រាប់មត្តេយ្យសិក្សា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងយុវភាពរបស់សម្តេច មិនមានឱកាសបានសិក្សាទេ ដោយសារស្រុក កើតសង្រ្គាម។ តែក្នុងរបបដឹកនាំរបស់សម្តេច សម្តេចមិនបណ្តោយឲ្យកូនខ្មែរអត់សាលារៀនទៀតឡើយ ទោះបីនៅ ទីណាក៏ដោយ។ តែទោះជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន ឲ្យសិស្សានុសិស្សខិតខំរៀនសូត្រ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង។ សារចុងក្រោយនៅលើទំព័រ Facebook របស់សម្តេចនារាត្រីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ បានផ្ញើក្តីនឹករលឹក និងក្តីស្រឡាញ់ទៅកាន់សិស្សានុសិស្សក្នុងស្រុកក្រូចឆ្មារ ដោយពោលថា «តាស្រឡាញ់ចៅៗទាំងអស់ តាជូនពរឲ្យចៅមានអនាគតល្អគ្រប់គ្នា»៕