(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានណែនាំបុគ្គលិក កម្មករទាំងអស់ ដែលកំពុងបំពេញតួនាទី ភារកិច្ច នៅតាមការដ្ឋានជួសជុល ថែទាំផ្លូវថ្នល់ផ្សេងៗទូទាំងខេត្ត ដាច់ខាតមិនត្រូវសេពគ្រឿងស្រវឹងក្នុងពេលបំពេញការងារនោះទេ ក្នុងករណីមានបាតុភាពបែបនេះ គឺប្រធានការដ្ឋានត្រូវតែទទួលខុសត្រូវ។
ការថ្លែងណែនាំរបស់លោកប្រធានមន្ទីរបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិក កម្មករ តាមការដ្ឋាននានា ក្រោយវិលត្រឡប់មក ពីស្រុកកំណើតជួបជុំគ្រួសារ បន្ទាប់ពីបានឈប់សម្រាកជាច្រើនថ្ងៃក្នុងឱកាសនៃពិធីបុណ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅសាលប្រជុំធំរបស់មន្ទីរ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។
លោក សំ លាងទ្រី បានថ្លែងបញ្ជាក់ថា កន្លងមកមានបាតុភាពមិនល្អមួយចំនួនតូចបានកើតឡើងនៅតាមការដ្ឋាននានា ធ្វើឱ្យប៉ះពាលខ្លះៗដល់ដំណើរការការងារផងដែរ ប៉ុន្តែក្នុងនាមលោកជាថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាក្នុង នាមអាណាព្យាបាល លោកតែងតែធ្វើការអធ្យាស្រ័យយល់យោគជានិច្ច ដោយយកវិធានការអប់រំ ណែនាំ ជាមួយនឹងការធ្វើកិច្ចសន្យា ដើម្បីឱ្យបុគ្គលប្រព្រឹត្តខុសឆ្គង មានឱកាសបានកែប្រែខ្លួនឡើងវិញ និងមានឱកាស បានធ្វើការដើម្បីរកកម្រៃចិញ្ចឹមគ្រួសារ ប៉ុន្តែលោកបញ្ជាក់ថា «ការអត់ធ្មត់របស់លោកមានដែនកំណត់» ដូច្នេះក្នុងឱកាសឆ្នាំថ្មីនេះ លោកសង្ឃឹមថាអ្វីៗនឹងថ្មី នឹងប្រសើរឡើងវិញមិនខាន។
នៅក្នុងឱកាសនោះលោក សំ លាងទ្រី បានណែនាំបុគ្គលិក កម្មករ ដែលត្រូវវិលត្រឡប់ទៅកាន់ការដ្ឋានរៀងៗខ្លួន សូមបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ យកចិត្តទុកដាក់ថែទាំ គ្រឿងចក្រ ក៏ដូចជាសម្ភារផ្សេងៗនៅក្នុងការដ្ឋានឱ្យបានល្អ ដើម្បីឱ្យការប្រើប្រាស់បានយូរអង្វែង ត្រូវមានការប្រុងប្រយ័ត្នជានិច្ច រាល់ពេលឡើងបើកបររថយន្ត ឫគ្រឿងចក្រ ត្រូវត្រួតពិនិត្យមើលជុំវិញ ឬផ្នែកខាងក្រោមរថយន្ត ឫគ្រឿងចក្រ ការពារគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ត្រូវពាក់ឯកសណ្ឋានជានិច្ចពេលកំពុងបំពេញការងារនៅលើដងផ្លូវ ពិសេសមិនត្រូវ «សេពគ្រឿងស្រវឹងក្នុងពេលបំពេញការងារជាដាច់ខាត»៕