(ភ្នំពេញ)៖ លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) បានឱ្យដឹងថា ADB បាននិងកំពុងធ្វើការជាមួយរាជរដ្ឋាភិបាល ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ចំនួន១៥ ទៅ២០ គម្រោងបន្ថែមទៀត ដែលមានតម្លៃជាង ១ពាន់លានដុល្លារ ដែលនឹងអនុវត្តក្នុងរយៈពេល៣ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ដើម្បីរួមចំណែកអភិវឌ្ឍន៍កម្ពុជា។
នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត តម្លៃ១០លានដុល្លារ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកស្រីបានឱ្យដឹងថា បច្ចុប្បន្ន ADB បាននិងកំពុងអនុវត្តគម្រោងចំនួន៣២ ដែលមានតម្លៃសរុបចំនួន ២.២ពាន់លានដុល្លារ ដោយធ្វើការលើវិស័យកសិកម្ម ការគ្រប់គ្រងធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ទីក្រុង វិស័យអប់រំ ការអភិវឌ្ឍន៍ជំនាញ ថាមពល ហិរញ្ញវត្ថុ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
លោកបានបញ្ជាក់ថា មកទល់ពេលនេះ ADB បានផ្តល់កម្ចីសម្បទាន ជំនួយឥតសំណង ជំនួយបច្ចេកទេស និងហិរញ្ញប្បទាន សម្រាប់វិស័យឯកជន ក្នុងទឹកប្រាក់ជាង ៥ពាន់លានដុល្លារអាមេរិក ដល់កម្ពុជា។
លោកស្រីបន្ថែមថា «កម្ពុជា គឺជាស្ថាបនិកមួយ របស់ ADB ហើយ ADB មានមោទនភាពចំពោះភាពជាដៃគូរដ៏រឹងមាំមួយ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ADB ធ្វើការរួមគ្នាជាមួយក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលថ្នាក់ខេត្ត ដើម្បី កសាងវិបុលភាពរួមមួយសម្រាប់ ប្រជាជនកម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធីនានា ក្នុងវិស័យជាច្រើន។ យុទ្ធសាស្រ្តភាពជាដៃគូរប្រចាំប្រទេសរបស់ ADB មានរយៈពេល៥ឆ្នាំ រាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តលើយុទ្ធសាស្រ្តរបស់ខ្លួន លើការអភិវឌ្ឍន៍កម្ពុជា ដោយដាក់មនុស្សលើចំណុចស្នូលនៃយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ខ្លួន។ ការងារបស់ ADB បានបន្ស៊ីគ្នាទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលដំណាក់កាលទី១ ទាំងស្រុង»។
បើតាមនាយិកា ADB ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ ADB បានផ្តល់ថវិកាជាមធ្យមប្រមាណ ៣៥០លានដុល្លារ ជារៀងរាល់ឆ្នាំ ដើម្បីគាំទ្រការអនុវត្តគម្រោង និងកម្មវិធីនានានៅកម្ពុជា៕