(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គាំទ្រការបង្កើតឲ្យមានអាជីវកម្មរួមជាមួយសហព័ន្ធរុស្ស៊ី លើវិស័យទូរគមនាគមន៍។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ដូច្នេះក្នុងជំនួបពិភាក្សាការងារជាមួយលោក Nikolay  Nikiforov រដ្ឋមន្ត្រីទូរគមនាគមន៍​ និងប្រព័ន្ធផ្សព្វផ្សាយនៃសហព័ន្ធរុស្សី​ និងជាប្រធានគណៈកម្មការចម្រុះអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្រោយជំនួបថា «លោកទេសរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះបំណងចង់បង្កើតអាជីវកម្មរួមរវាងកម្ពុជា ជាមួយរុស្ស៊ី ក្នុងវិស័យទូរគមនាគមន៍។ ទាំងលោក Nikolay  Nikiforov និងប្រធានាធិបតីរបស់ប្រទេសតាតាក់ស្ដង់ មានបំណងស្វែងរកកាលានុវត្តភាព សម្រាប់ការពង្រីក ទំនាក់ទំនង សហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ី ក៏ដូចជារវាងកម្ពុជាជាមួយសាធារណរដ្ឋតាតាក់ស្ដង់»

បើតាមលោក ជុំ សុន្ទរី ភាគីសហព័ន្ធរុស្ស៊ី ក៏បានស្នើលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ឲ្យដឹកនាំគណៈប្រតិភូកម្ពុជា រួមទាំងតំណាងសហគមន៍ធុរកិច្ចកម្ពុជា ចូលរួមជាមួយសហគមន៍ធុរកិច្ចរបស់ប្រទេសតាតាក់ស្ដង់ ក្នុងកិច្ចប្រជុំលើកទី១០ របស់គណៈកម្មការចម្រុះអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ដែលគ្រោងនឹងធ្វើឡើង នៅឆ្នាំ២០១៧ខាងមុខ ក្នុងសាធារណរដ្ឋ តាតាក់ស្ដង់។  

ឆ្លើយតបសំណើនេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនស្វាគមន៍ដំណើរ ទស្សនកិច្ច របស់អ្នកជំនួញការ នៃសហព័ន្ធរុស្ស៊ី ដើម្បីពិភាក្សាជាមួយសហគមន៍ធុរកិច្ចកម្ពុជា ក្នុងការស្វែងរកកាលានុវត្តភាព ដើម្បីពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត។

ភាគីសហព័ន្ធរុស្ស៊ី ក៏បានមើលឃើញ និងកោតស្ងប់ស្ងែងចំពោះមរតកវប្បធម៌កម្ពុជា ពិសេសគឺប្រាសាទអង្គរវត្ត ដែលបានទាក់ទាញទេសចរបរទេស ឲ្យចូលមកទស្សនាជាច្រើននាក់ ក្នុងនោះក៏មានទេសចរជាតិរុស្ស៊ីផងដែរ។

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានលើកបង្ហាញពីឱកាសវិនិយោគលើវិស័យស្រូវប្រាប់ដល់ភាគីសហព័ន្ធរុស្ស៊ី ដោយអំពាវនាវដល់ភាគីរុស្ស៊ី ឲ្យមកវិនិយោគលើវិស័យកសិ-ឧស្សាហកម្មនេះ ដែលទំហំនៃការបង្កបង្កើនស្រូវនៅកម្ពុជា មានរហូតដល់ទៅ ៤,៥លានតោន អាចផលិតជាអង្ករប្រមាណ ៣លានតោនក្នុងមួយឆ្នាំ ហើយការងារទាំងអស់នេះ នៅមានការខ្វះខាតទុនវិនិយោគ និងបច្ចេកទេសមួយចំនួននៅឡើយ៕