(ភ្នំពេញ)៖ លោក ណាសៀត អូស្មាន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) តំណាងលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោក Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរសិស្សនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលម៉ាឡេស៊ី ចំនួន៨រូប ដែលចេញដំណើរទៅបន្តការសិក្សាបរិញ្ញាបត្ររង នៅ University College MAIWP International (UCMI) នៃប្រទេសម៉ាទ្បេសុី នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។

សិស្សនិស្សិតដែលចេញដំណើរលើកនេះ នឹងបន្តការសិក្សាលើមុខវិជ្ជា ការគ្រប់គ្រងពាណិជ្ជកម្មដោយមានការឧបត្ថម្ភទាំងស្រុងពីក្រុមប្រឹក្សាសាសនាឥស្លាមរដ្ឋសហព័ន្ធម៉ាឡេស៊ី (MAIWP) មានដូចជា ថ្លៃសិក្សា ថ្លៃវីសារ អាហារប្រចាំថ្ងៃ ការស្នាក់នៅ និងសំបុត្រយន្តហោះ ក្នុងរយៈពេល២ឆ្នាំកន្លះ។

ក្នុងឱកាសនោះ លោក ណាសៀត អូស្មាន បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះនិស្សិតជ័យលាភីដែលទទួលបានអាហារូបករណ៍ ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររង នៅប្រទេសម៉ាឡេស៊ី។ លោកបានណែនាំដល់និស្សិតជ័យលាភីទាំងអស់ ត្រូវត្រៀមលក្ខណៈឲ្យបានល្អ ត្រូវផ្តោតលើការយកចិត្តទុកដាក់រៀនសូត្រឲ្យពូកែ ពង្រឹងភាសាម៉ាឡេស៊ី ផ្នែកបច្ចេកវិទ្យា ឲ្យបានល្អប្រសើរ និងធ្វើការស្រាវជ្រាវផ្សាភ្ជាប់ ជាមួយការអនុវត្តជាក់ស្ដែងឲ្យបានច្រើន ដើម្បីក្លាយជាធនធានមនុស្សឆ្នើម ដើម្បីទទួលបានភាពជោគជ័យ ក្នុងការសិក្សានៅបរទេស និងនាំយកចំណេះដឹងទាំងអស់នោះ មកចូលរួមជួយអភិវឌ្ឍន៍សហគមន៍ ក៏ដូចជាប្រទេសជាតិទាំងមូល។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីឲ្យពួកគេមានឱកាសកាន់តែទូលំទូលាយ ក្នុងការពង្រឹងសមត្ថភាពរបស់ពួកគេ ដែលនេះជាការចូលរួមចំណែកដ៏ធំធេង ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

ចំណែក លោកឯកអគ្គរាជទូត ក៏បានអបអរសាទរសិស្សនិស្សិត ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យខាងលើ ហើយការផ្តល់អាហារូបករណ៍នេះ ដល់និស្សិតកម្ពុជា ក្នុងគោលបំណងរឹតចំណងសាមគ្គីភាពឲ្យកាន់តែល្អប្រសើររវាងរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ប្រជាជនម៉ាឡេស៊ី និងប្រជាជនកម្ពុជា។

លោកបានបញ្ជាក់ថា ម៉ាឡេស៉ី មានឆន្ទៈក្នុងការអភិវឌ្ឍធនធានមនុស្ស ព្រោះចាត់ទុកធនធានមនុស្សមានសារៈសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយវិស័យអប់រំនេះ ពិតជាមានសារៈសំខាន់ក្នុងអភិវឌ្ឍ នូវវិស័យផ្សេងៗទៀតផងដែរ។

សូមជម្រាបថា អាហារូបករណ៍ខាងលើ ត្រូវបានរាជរដ្ឋាភិបាលម៉ាឡេស៊ី ដែលមានលោក Dato Seri Anwar Ibrahim ជានាយករដ្ឋមន្ត្រី បានសម្រេចផ្តល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ចំនួន១០០កន្លែង ដែលជាគិតជាថវិកា ជិត១លានដុល្លារ ក្រោយដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសម៉ាឡេស៊ី កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ ហើយបានចាត់តាំងលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសសកម្មពិសេស បេសកជននាយករដ្ឋមន្ត្រីកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) ជួយសម្រួបសម្រួលក្នុងការប្រកាសជ្រើសរើស និងរៀបចំបញ្ជូនសិស្សនិស្សិត ទៅបន្តការសិក្សានៅប្រទេសម៉ាឡេស៊ី ហើយលោកក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់សិស្សនិស្សិតចេញដំណើរនាថ្ងៃស្អែក មួយចំនួនផងដែរ៕