(ថៃ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធាន​គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ lok Surin Palarae អគ្គលេខាធិការ ក្រុមប្រឹក្សាកណ្តាលឥស្លាមថៃ (CICOT) ក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងរវាងស្ថាប័នហាឡាលប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំបន្ថែមទៀត ព្រមទាំងវិស័យផ្សេងៗទៀត។

ជំនួបនេះ ធ្វើឡើងឆ្លៀតក្នុងឱកាស ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញចូលរួមពិធីបុណ្យខួបកំណើតព្យាការី មូហាំម៉ាត់ (Mawlid Al-Nabawi) លើកទី៥៩ ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ក្រុមប្រឹក្សាកណ្តាលឥស្លាមថៃ នៅទីក្រុងបាងកក នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក Surin Palarae អគ្គលេខាធិការ ក្រុមប្រឹក្សាកណ្តាលឥស្លាមថៃ។ ក្នុងជំនួបនោះ ទេសរដ្ឋមន្ត្រី បានជម្រាបពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លើសពីនេះ សហគមន៍ឥស្លាម ក៏ទទួលបាននូវការយកចិត្តទុកដាក់ និងការផ្តល់ជូនឲ្យមានតំណាងសហគមន៍ ក្លាយជាថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ។

ទេសរដ្ឋមន្ត្រី បានលើកឡើងទៀតថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងជំរុញការងារអភិវឌ្ឍវិស័យហាឡាលនៅកម្ពុជាផងដែរ សម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុកមួយចំនួន និងនាំចេញទៅលើទីផ្សារអន្តរជាតិ ព្រោះទីផ្សារហាឡាលសាកលមានទំហំធំ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរអរគុណលោក Surin Palarae ដែលកន្លងមកបានជួយជ្រោមជ្រែងកម្ពុជា ឲ្យមានស្ថាប័នហាឡាល ដូចជាបានបញ្ជូនអ្នកពាក់ព័ន្ធ ក្នុងវិស័យហាឡាលកម្ពុជា ទៅបណ្តុះបណ្តាលលើបច្ចេកទេសហាឡាល និងបានបញ្ជូនអ្នកជំនាញផ្នែកហាឡាល មកបណ្តុះបណ្តាលនៅកម្ពុជាផងដែរ រហូតបានទទួលស្គាល់ស្តង់ដារហាឡាលកម្ពុជា ដូចបណ្តាប្រទេសចំនួន ៥២ ដែលជាដៃគូរបស់ CICOT។

ទន្ទឹមគ្នានេះ ទេសរដ្ឋមន្ត្រី បានស្នើឲ្យអគ្គលេខាធិការក្រុមប្រឹក្សាកណ្តាលឥស្លាមថៃ បន្តជួយជ្រោមជ្រែង និងគាំទ្រ លើវិស័យហាឡាលនៅកម្ពុជាផងដែរ ដើម្បីឲ្យការមានការរីកចម្រើនកាន់តែខ្លាំងឡើងបន្ថែមទៀត ដែលជាផ្នែកមួយចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ជាការឆ្លើយតប លោក Surin Palarae អគ្គលេខាធិការក្រុមប្រឹក្សាកណ្តាលឥស្លាមថៃ បានបង្ហាញសេចក្តីសោមនស្សរីករាយដែលសហគមន៍ឥស្លាមកម្ពុជា ត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ ឲ្យមានតំណាងនៅក្នុងជួររាជរដ្ឋាភិបាល និងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលជាផ្នែកមួយធ្វើឲ្យកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះ លោកបានសន្យាថា នឹងបន្តជួយជ្រោមជ្រែងកម្ពុជាលើវិស័យហាឡាល ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសដែលមានឧស្សាហកម្មហាឡាលរីកចម្រើនខ្ពស់ និងចាប់យកទីផ្សារហាឡាលសាកល នាពេលអនាគត។

សូមជម្រាបថា ក្រុមប្រឹក្សាកណ្តាលឥស្លាមថៃ (CICOT) ត្រូវបានបង្កើតក្នុងឆ្នាំ១៩៩៧ និងជាស្ថាប័នសាសនាឥស្លាមតែមួយគត់ដែលទទួលស្គាល់ដោយព្រះរាជក្រឹត្យ នៃព្រះមហាត្សត្រថៃ ហេីយជាអ្នកដែលមានភារកិច្ចគ្រប់គ្រង អភិវឌ្ឍន៍កិច្ចការសាសនាឥស្លាម ក្នុងនោះក៏មានទទួលរ៉ាប់រងក្នុងការចេញ វិញ្ញាបនប័ត្រហាឡាលនៅប្រទេសថៃដែលស្របទៅតាមច្បាប់សាសនាឥស្លាម៕