(ភ្នំពេញ)៖ គិតត្រឹមព្រលប់ថ្ងៃទី០២ ខែវិច្ឆិកានេះ ក្រុមកីឡារាជធានីភ្នំពេញ បានដណ្ដើមតំណែងកំពូលតារាងចំណាត់ថ្នាក់ មេដាយ នៃការប្រកួតកីឡាជាតិ លើកទី១ ពីក្រុមកីឡាក្រសួងមហាផ្ទៃបានវិញហើយ បន្ទាប់ពីដណ្ដើមបានមេដាយសរុប ៦៥គ្រឿង រួមមានមេដាយមាស ២៧ មេដាយប្រាក់ ២២ និងមេដាយសំរឹទ្ធ ១៦ គ្រាដែលការប្រកួតនៅសល់រយៈពេលតែ ៣ថ្ងៃទៀតប៉ុណ្ណោះនឹងបញ្ចប់ ។
គួរបញ្ចាក់ថា ការប្រកួតកីឡាជាតិ លើកទី១ គឺមាន ១៥ប្រភេទកីឡាចូលរួម ដែលចាប់ផ្ដើមការប្រកួតតាំងពីថ្ងៃទី២៦ ខែតុលា កន្លងទៅម្លេះ ហើយមកទល់ពេលនេះមានកីឡា ៦ប្រភេទបានបញ្ចប់ការប្រកួតទាំងស្រុងហើយ រួមមានកីឡាហែលទឹក ប៉េតង់ វាយកូនឃ្លីលើតុ តេក្វាន់ដូ វាយសី និងកីឡាសូរិនហ្សិកាំបូ ។ ចំណែកពិធីបិទការប្រកួតផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកាចុងសប្ដាហ៍នេះ ដោយមានការអញ្ជើញដ៏ខ្ពងខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេច កិត្តិព្រឹទ្ធទៀតផង ។
ប៉ុន្ដែក្រោយបញ្ចប់ការប្រកួតរយៈពេល ៨ថ្ងៃមកនេះ គេឃើញការប្រកួតបានដំណើរការយ៉ាងរលូន ខណៈក្រុមកីឡាមកពី ២៥ខេត្ត-ក្រុម រួមទាំងក្រសួង ២ គឺក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ក៏មានការប្រកួតប្រជែងយ៉ាងស្វិតស្វាញផងដែរ ។ ចំពោះលទ្ធផលជាក់ស្ដែងពេលនេះ ក្រុមកីឡារាជធានីភ្នំពេញ កំពុងនាំមុខគេជាថ្មី បន្ទាប់ពីទម្លាក់ក្រុមកីឡាក្រសួងមហាផ្ទៃ មកឈរចំណាត់ថ្នាក់លេខ២ ជាមួយនឹងការដណ្ដើមបានមេដាយសរុប ៤០គ្រឿង ក្នុងនោះមានមេដាយមាស ២៤ មេដាយប្រាក់ ៦ និងមេដាយសំរឹទ្ធ ១០ ៕