(កំពត)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ការវិភាគផ្ទុយពីការពិតរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស ទៅលើសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងចិន ក្រោយពេលដែលប្រធានាធិបតីចិនលោក ស៊ី ជីនពីង មកកម្ពុជា គឺជាការវិភាគដែលកំពុងបំផ្លាញខ្លួនឯងឱ្យបាត់បង់ជំនឿ ព្រោះវិភាគមិនឈរលើសច្ចភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំវាហួសចិត្តម្សិលមិញគេចេញមក ហើយខ្ញុំសូមបញ្ជាក់ដូចនេះថា ខ្ញុំឃើញអ្នកនាំពាក្យនឹងទៀត យូរៗអស់ហើយ មួយក្រុមប្រឹក្សាធ្វើការតែ២ ឫ ៣នាក់គ្នាគាត់នឹងឯង តើខ្មែរអាក្រក់សុទ្ធទេ? ប្រជាពលរដ្ឋខ្មែរយើងល្អឥតខ្ចោះ ឫមួយទេសយើងវាអាក្រក់ជាងគេដែរទេ? ខ្លួនជាខ្មែរដែរ ហេតុអីមិននិយាយល្អពីខ្មែរខ្លះផង ចំនុចអវិជ្ជមានរិះគន់​វាយប្រហារ​ត្រឹមត្រូវធ្វើចុះ ប៉ុន្តែពេលខ្លះបើមិននិយាយគេមិនថា គរ នោះទេ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែម​ថា ម្សិលមិញលោក គឹម សុខ បានធ្វើការវិភាគលើសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងចិន ដែលក្រសួងការបរទេសបង្ហោះក្រោយទស្សនកិច្ចរបស់ប្រធានាធិបតីចិន គេចេញមកសំយោគ ៣ចំណុច ហើយចំណុចទី៣ គេចោទថា តាមសេចក្តីប្រកាសរួមនោះ​គឺរដ្ឋាភិបាលក្រុងភ្នំពេញ បានលើកប្រទេសកម្ពុជាទាំងមូលឱ្យទៅចិនគ្រប់គ្រងទៅហើយ តាំងពីវិស័យសន្តិសុខ កងកម្លាំងប្រដាប់អាវុធតាំងពីថ្នាក់ក្រោមជាតិ ដល់កំពូល តាំងពីវិស័យសេដ្ឋកិច្ច ឱ្យចិនគ្រប់គ្រងទាំងអស់។

ពាក់ព័ន្ធចំណុចនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចោទសួរថា តើបានឯកសារនេះមកពីណា ការបកស្រាយឯកសារដែលបានបង្ហោះជាសាធារណៈ លើសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងចិន ដែលផ្ទុយពីការពិតនេះ គឺស្មើនឹងបំផ្លាញនូវការទុកចិត្តខ្លួនឯង ព្រោះប្រជាជនខ្មែរក៏ចេះអានអក្សរដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការធ្វើនយោបាយត្រួវតែសន្សំមូលធន នយោបាយឱ្យបានច្បាស់ ហើយបើបាត់មូលធននយោបាយ ស្មើនឹងបាត់ការគាំទ្រ ដែលមូលធននយោបាយ​របស់អ្នកនយោបាយ គឺមាន៖ សីលធម៍ គុណធម៍ សច្ចធម៍ នឹងជំហរនឹងនរច្បាស់លាស់៕