(កំពត)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កាលពីថ្ងៃទី១៩ ខែមេសាកន្លងទៅនេះ មាននាវាកងទ័ពជើងទឹកជប៉ុន២គ្រឿង បានចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ ខណៈប៉ុន្មានថ្ងៃទៀតនឹងមាន នាវាវៀតណាម ឥណ្ឌា រុស្ស៊ី និងអាមេរិកចូលចតដូចគ្នា។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត តម្លៃ១០លានដុល្លារ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍គ្រប់ប្រទេសទាំងអស់ដែលចូលមកកម្ពុជា។
សម្ដេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍យ៉ាងដូច្នេះថា «នៅថ្ងៃទី១៩ នាវាជប៉ុនកងទ័ពជើងទឹកបានចូលមក យើងសហប្រតិបត្តិការសន្តិសុខជាមួយគ្រប់ប្រទេសទាំងអស់ មិនថា ចិន សូម្បីតែជប៉ុនក៏យើងចូលមកស្វាគមន៍ដូចគ្នា តិចទៀតដែលដាក់ពាក្យមកមានពី វៀតណាម ឥណ្ឌា រុស្ស៉ី ត្រូវចូលមកផែនឹងទៀត ចឹងពេលដែលយើងធ្វើហើយកាន់តែរវល់ហើយ ខាងអាមេរិកក៏គិតថាមកទៀតដែរយើងស្វាគមន៍ទាំងអស់ នេះគឺជាជំហជាក់ស្ដែងរបស់យើង»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា មិនមែនកម្ពុជាលើកប្រទេសទាំងមូល ទាំងកងកម្លាំងប្រដាប់អាវុធ តាំងពីថ្នាក់ក្រោមជាតិ ទៅដល់ថ្នាក់ជាតិឲ្យចិនគ្រប់គ្រង ដូចគេនិយាយនោះទេ។ ទន្ទឹមនេះ គោលនយោបាយការបរទេសរបស់កម្ពុជាគឺ ប្រកាន់យកឯករាជ្យភាព ធ្វើមិត្តគ្រប់ប្រទេសទាំងអស់ មិនយកប្រទេសណាមួយធ្វើជាសត្រូវនោះឡើយ។
បើតាមការបញ្ជាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ជាក់ស្ដែងកប៉ាល់ចិន កប៉ាល់ជប៉ុនចូលមក បាននិងកំពុងសហប្រត្តិបត្តិការជាមួយកម្ពុជា ជាមួយគ្នានេះ គ្មានប្រទេសណាជំទាស់នឹងការសម្រេចចិត្តរបស់កម្ពុជានោះទេ ព្រោះនេះជាសិទ្ធរបស់ប្រទេសនីមួយៗ៕