(កំពត)៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់​ខ្ពស់​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិ​កំពត។

កំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំ​គ្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសាងសង់ឡើង​នៅលើ​ផ្ទៃ​ដីទំហំ ៤,២៥ហិកតា ជាអំណោយរបស់អ្នកឧកញ៉ា វិញ ហួរ ជូន​រាជ​រដ្ឋាភិបាលកម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែនេះ រួមមាន ផ្លូវ​បេតុងចូលកំពង់ផែប្រវែង ២,៤០គីឡូម៉ែត្រ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធ​ទឹកស្អាតសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាជន និងកំពង់ផែ ប្រព័ន្ធចម្រោះទឹកកខ្វក់ របង ប៉ុស្តិ៍យាម ចំណតរថយន្ត សួនច្បារ ស្រះទឹក អគារប្រមូលទុកដាក់សំរាម អគារបន្ទប់ទឹកសាធារណៈ អគារបច្ចេកទេស អគាររដ្ឋបាលនិងអ្នកដំណើរ ចំណតនាវា ប្រព័ន្ធ​គ្រប់គ្រងអគ្គិភ័យ និងការបំពាក់ឧបករណ៍បច្ចេកទេសចាំបាច់ផ្សេងៗ​ទៀត​សម្រាប់ប្រតិបត្តិការកំពង់ផែ។

តាមការគ្រោង​ទុក​របស់គម្រោងសាងសង់កំពង់ផែទេសចរណ៍នេះ តម្រាយផ្លូវនាវាច​រ​ណ៍ ត្រូវមានជម្រៅទឹក ៣ម៉ែត្រ ដោយរាប់ចាប់ពី​ទីតាំងបត់នាវារហូត​ដល់​ផ្ទៃសមុទ្រ ដែលមានប្រវែង ៦,៧៥គីឡូ​ម៉ែត្រ និងទទឹងទំហំ ៦២ម៉ែត្រ ចែកជា ២គន្លងទៅមក។

កំពង់ផែនេះ មានលក្ខណៈអំណោយផលល្អពីធម្មជាតិដែលអាច​អនុញ្ញាត​ឱ្យនាវាផ្ទុកអ្នកដំណើរ ឬភ្ញៀវទេសចររហូតដល់ ៣០០នាក់ ចូល-ចេញកំពង់ផែនេះជាលក្ខណៈអន្តរជាតិបាន។

ដោយមើលឃើញនូវសក្តានុពលដ៏សម្បើមនៃវិស័យទេសចរណ៍តាមផ្លូវសមុទ្រ ដែលបានផ្តើមចេញពីគម្រោងនេះ និងសំណង់ហេដ្ឋា​រច​នា​​សម្ព័ន្ធ​ដ៏ប្រណីតនៃកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលបាន​សាង​សង់រួច រួមជាមួយនឹងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល តម្រាយផ្លូវនាវាចរណ៍នេះ នឹងត្រូវអភិវឌ្ឍន៍បន្ថែមឱ្យមានជម្រៅទឹក​លើស​ពី ៣ម៉ែត្រ ទទឹងប្រវែងពី ១៦០ម៉ែត្រ ទៅ ៣៤០ម៉ែត្រ ដែល​មានប្រវែងរហូតដល់ ១៥គីឡូម៉ែត្រ រាប់ចាប់ពីទីតាំងបត់នាវា រហូត​ដល់ផ្ទៃសមុទ្រ។

គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិកំពត បានបើក​ការ​ដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ការ​សាង​សង់​នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលអនុវត្តការសាង​សង់​ដោយក្រុមហ៊ុន អេស.ប៊ី.ភី.អេច អ៊ិនជីនារីង & ខន់ស្ត្រាក់សិន ខូអិលធីឌី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន អេស ប៊ី ខេ រីស៊ើច អេនឌីវេឡុបមេន និងបានប្រើប្រាស់ថវិកាក្រោម​ឥណ​ទាន​ពីធនាគារអភិវឌ្ឍន៍អាស៊ីប្រមាណ ១០លានដុល្លារអាម៉េរិក រួមជាមួយថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ពន្ធអាករផ្សេងៗ ការទ្រទ្រង់លើបន្ទុកបុគ្គលិក និងការបំពាក់ឧ​ប​ករណ៍​សម្ភារ​បរិក្ខារការិយាល័យជាដើម។

ទន្ទឹមនេះ ដើម្បីធានាដល់ប្រសិទ្ធភាពនៃប្រតិបត្តិការរបស់កំពង់ផែ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាតំណាងរាជ​រដ្ឋា​ភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការប្រតិ​បត្តិ​ការ និងការថែទាំ (O&M Agreement) នៃកំពង់ផែទេសចរណ៍​អន្តរ​ជាតិកំពត ជាមួយក្រុមហ៊ុនអេហ្សេត ប៊ីលឌើរ ឯ.ក កាលពីថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០២៤ ដែលតាមរយៈកិច្ចព្រមព្រៀងនេះ ក្រុម​ហ៊ុន​មានកាតព្វកិច្ចក្នុងការប្រើប្រាស់ គ្រប់គ្រង ធ្វើប្រតិបត្តិការ ជួស​ជុល ថែទាំ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ សម្ភារ និងបរិក្ខារផ្សេងៗ និង​មានសិទ្ធិក្នុងការប្រមូលចំណូលសម្រាប់រយៈពេល ២០ឆ្នាំ ព្រម​ទាំងទទួលបានការអនុគ្រោះពន្ធពីរាជរដ្ឋាភិបាលរយៈពេល ៦ឆ្នាំ​ដំបូង​នៃប្រតិបត្តិការ។

ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និង​ដឹក​ជញ្ជូន និងក្រុមហ៊ុន បានធ្វើការរួមគ្នាលើការរៀបចំការងារចាំបាច់​មួយ​ចំនួន មានជាអាទិ៍ ការពិនិត្យផ្ទៀងផ្ទាត់លើទិដ្ឋភាពទូទៅនៃឋប​នី​យ​ភណ្ឌផែ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការងារបច្ចេកទេស និង​ការបំពាក់ឧបករណ៍បរិក្ខារចាំបាច់សម្រាប់ប្រតិបត្តិការ ការរៀបចំ​លិខិត​បទ​ដ្ឋានគតិយុត្ត ដើម្បីបើកឱ្យដំណើរការជាផ្លូវការនូវកំពង់​ផែ​នេះ​ជាមួយប្រទេសជិតខាងនិងអន្តរជាតិ និងការរៀបចំបង្កើតគណៈ​កម្មាធិការគ្រប់គ្រងកិច្ចព្រមព្រៀងស្តីពីប្រតិបត្តិការនិងការថែទាំនៃកំពង់ផែទេសចរណ៍អន្តរជាតិកំពត និងយន្តការគ្រប់គ្រងគម្រោង​ផង​ដែរ។

បន្ទាប់ពីទទួលបានសិទ្ធិនិងកាតព្វកិច្ចសម្រាប់ធ្វើប្រតិបត្តិការ និង​ការ​ថែទាំកំពង់ផែទេសចរណ៍អន្តរជាតិកំពតស្របតាមកិច្ចព្រមព្រៀងមក ក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក ក៏បានបូមស្តារប្រឡាយនាវា​ចរណ៍ នៅត្រង់ទីតាំងខាងមុខកំពង់ផែនិងកន្លែងបត់នាវា និងចំណុច​ផ្សេងទៀតមួយចំនួនដែលជាឧបសគ្គដល់ការធ្វើដំណើររបស់នាវា ហើយបច្ចុប្បន្ននេះ នាវាដឹកអ្នកដំណើរ ដែលមានចំណុះរហូតដល់ ៣០០នាក់ អាចចូល-ចេញកំពង់ផែនេះបានដោយសុវត្ថិភាព។

កំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវបានអនុញ្ញាតឱ្យបើកដំណើរ​ការប្រតិបត្តិការសាកល្បងសម្រាប់រយៈពេល៣ខែ គិតចាប់ពីថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីត្រៀមលក្ខណៈជាស្រេចសម្រាប់ការធ្វើ​ប្រតិបត្តិការពេញលេញ និងត្រូវកំណត់ឱ្យប្រារព្ធពិធីសម្ពោធបើកឱ្យ​ដំណើរការជាផ្លូវការនៅថ្ងៃនេះ។

ការបើកឱ្យកំពង់ផែនេះប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ គឺជា​ការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃការតភ្ជាប់វិស័យទេសចរណ៍កម្ពុជាតាមផ្លូវសមុទ្រ ជាមួយប្រទេសជិតខាង ក្នុងតំបន់ និងជាលក្ខណៈអន្តរ​ជាតិ។ ជាងនេះទៀត កំពង់ផែនេះ នឹងរួមចំណែកលើកកម្ពស់​ការ​តភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ទៅកាន់គោលដៅទេសចរណ៍​ផ្សេងៗ ដូចជា ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងបណ្តា​កោះ​នានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ការតភ្ជាប់ទាំងអស់នេះ នឹង​រួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម តាមរយៈការផ្តល់ឱកាសការងារ និងបង្កើនប្រាក់ចំណូលបន្ថែម​ដល់​​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសហគ្រាស អាជីវកម្មក្នុងស្រុក ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ហាងលក់វត្ថុអនុស្សាវរីយ៍ និងក្រុម​ហ៊ុនទេសចរណ៍ជាដើម ព្រមទាំងជំរុញឱ្យមានការបង្កើតនូវទីតាំង​កម្សាន្តថ្មីៗនៅក្នុងភូមិសាស្រ្តខេត្តកំពតនិយាយដោយឡែក និង​បណ្តាខេត្តផ្សេងទៀតនិយាយជារួម ដើម្បីទាក់ទាញភ្ញៀវទេសចរ​បន្ថែម​ទៀត។

នៅក្នុងអំឡុងពេលនៃការធ្វើប្រតិបត្តិការសាកល្បង ក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក បានសហការជាមួយក្រុមហ៊ុន វីរៈ ប៊ុនថាំ ជាដៃគូក្នុងស្រុក ធ្វើការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់ ទីតាំងកម្សាន្ត​នានា រួមមាន កោះរ៉ុងសន្លឹម កោះរ៉ុង និងកោះស្តេច ដែលជា​លទ្ធ​ផល គិតត្រឹមចុងខែមីនា ឆ្នាំ២០២៥ កំពង់ផែនេះទទួលបានភ្ញៀវ​ទេសចរសរុបជាង ៥,០០០នាក់ ចេញ-ចូល។ បន្ថែមពីលើនេះ និង​ដោយមានការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុន​ក៏បានសិក្សាអំពីកិច្ចសហការធុរកិច្ចជាមួយដៃគូក្រៅប្រទេសមួយចំនួន ដើម្បីបង្កើនការប្រើប្រាស់សេវាកម្មកំពង់ផែនេះ ជំរុញលើកកម្ពស់​លំហូរ​​ទេសចរណ៍ ឬសកម្មភាពទេសចរណ៍តាមផ្លូវសមុទ្រ និង​ពង្រីក​វិស័យទេសចរណ៍របស់កម្ពុជានាពេលអនាគត៕